Register Already an agent ? Login

រាជរដ្ឋាភិបាល បានបញ្ចប់គម្រោងពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវជាតិចំនួន ១១ខ្សែ និងស្ពានសំខាន់ៗ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បញ្ចប់គម្រោងពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវជាតិចំនួន ១១ខ្សែ និងស្ពានសំខាន់ៗ ។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តឱ្យដឹងថា គម្រោងខាងលើរួមមាន៖ ផ្លូវជាតិលេខ១, លេខ២, លេខ២២, លេខ៣ លេខ៤, លេខ៥, លេខ៦, លេខ៧, លេខ៨, លេខ៩, លេខ១០ ការបញ្ចប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ការបញ្ចប់ការ ចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ ដែលគ្រោងនឹងបើក ការដ្ឋាននៅចុងឆ្នាំនេះ។

ក្រសួង បាននិងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បានបញ្ចប់ការសិក្សាគម្រោងផ្លូវ តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥ភាគរយ គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២២។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល។

លោក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបនថ្លែងបន្តទៀតឱ្យដឹងថា បច្ចុប្បន្ន កំពុងសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយលើគោលការណ៍កសាងប្រតិបត្តិផ្ទេរ (BOT) បានបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុចំនួន ៣៤ខ្សែ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ ពេលនេះសម្រេចបានប្រមាណ ៧០ភាគរយ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។

លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)តាមប្រព័ន្ធ Zoom កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានថ្លែងបន្ថែមថា គម្រោងលើកកម្ពស់គុណភាពផ្លូវពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ដែលរួមមានដូចជា៖ ផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ៣ ទៅស្រុកកំពង់ត្រាច និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែប ទៅស្រុកកំពង់ត្រាច។ លោក បញ្ជាក់ «ផ្លូវទាំងបីខ្សែ នេះត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ នៅរង់ចាំរៀបចំបើកការដ្ឋានសាងសង់នាពេលខាងមុខប៉ុណ្ណោះ»។

ដោយឡែកទាក់ទងនឹងការដឹកជញ្ជូនផ្លូវដែក លោក ស៊ុន ចាន់ថុល បានកត់សម្គាល់ថា ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើង ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ ដោយស្របពេលជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាល សុំការឯកភាពនាពេលខាងមុខនេះ។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ដែលបានគាំទ្រដល់គម្រោងសិក្សាលទ្ធភាពសាងសង់ចំណតកំពង់ផែ កុងតឺន័រថ្មីជម្រៅ ១៤ម៉ែត្រកន្លះ នៅកំពង់ផែក្រុងព្រះសីហនុ ដែលអាចអនុញ្ញាតឱ្យនាវាចំនួន ៩៣ភាគរយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន។ លោក បានឱ្យដឹងថា មានគម្រោងពង្រីកសមត្ថភាពកំពង់ផែ មួយចំនួនផ្សេងទៀតរួមមាន៖ កំពង់ផែខេត្តកំពត កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែទន្លេផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវទឹក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)