ព្រះសីហនុ៖ សេចក្ដីព្រាងប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣៨ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (គ.ដ.ន.ជ.) បានកំណត់នូវយុទ្ធសាស្រ្តធំ ៨ចំណុច ដើម្បីសម្រេចចក្ខុវិស័យនេះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីកិច្ចប្រជុំ គ.ដ.ន.ជ. បានពិនិត្យនិងសម្រេចលើ សេចក្ដីព្រាងប្លង់គោលខាងលើ ដែលមានស្ថាប័នពាក់ព័ន្ធបានចូលរួមប្រមាណ ៥០រូប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ដើម្បីសម្រេចចក្ខុវិស័យនេះ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ត្រូវបានកំណត់យុទ្ធសាស្រ្តធំៗដូចខាងក្រោម៖
ទី១.យុទ្ធសាស្រ្តអភិវឌ្ឍនិងអភិរក្សនគរូនីយកម្ម ទី២.យុទ្ធសាស្រ្តគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយចីរភាព ទី៣.យុទ្ធសាស្រ្តអភិវឌ្ឍរចនាសម្ព័ន្ធ ទី៤.យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចដោយបានកំណត់តំបន់យុទ្ធសាស្រ្តអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងកសិកម្មជាដើម ទី៥.យុទ្ធសាស្រ្តអភិវឌ្ឍសង្គមកិច្ចដោយបានកំណត់តំបន់អប់រំ សុខាភិបាល ទីក្រុងគំរូក្នុងការគ្រប់គ្រងនិងអភិបាលកិច្ច លម្ហសាធារណៈ សួនច្បារ និងខ្សែក្រវ៉ាត់តំបន់ប៉ៃតង បរិក្ខារូបវន្ត វប្បធម៌ និងសង្គម។
ទី៦.យុទ្ធសាស្រ្តការពារបរិស្ថាន និងគ្រប់គ្រងសំណល់ ទី៧.យុទ្ធសាស្រ្តបង្ការទប់ស្កាត់គ្រោះមហន្តរាយ ទី៨.យុទ្ធសាស្រ្តពង្រីកអភីបាលកិច្ចល្អ គ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រប់ និងអភិបាលកិច្ចល្អ។
«ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣៨ នឹងរួមចំណែកកម្ពស់សូចនាករនៃការអភិវឌ្ឍតាមវិស័យ ក៏ដូចជាសេដ្ឋកិច្ចជាតិ»។ បើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំ បានបន្តថា ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ មានចក្ខុវិស័យរៀបចំអភិវឌ្ឍ ក្រុងព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ ធុរកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍ប្រកបដោយរស់រវើក ឆ្លាត និង បរិយាប័ន្ន។
បើតាមកិច្ចប្រជុំបានបន្តថា ដើម្បីឱ្យក្រុងព្រះសីហនុជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍ សំខាន់ៗ រួមមាន៖ ទី១.ទីក្រុងទំនើបបៃតង ប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត ទី២. តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឍមណ្ឌល ហីរញ្ញវត្ថុ និង មជ្ឍមណ្ឌលកំណើនជាតិ។
ទី៣.រមណីយដ្ឋានឆ្នេរ សមុទ្រ និង កោះដែលស្អាតបំផុតលើសកលលោក សម្រាប់ស្នាក់នៅ ទី៤.មជ្ឍមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ទី៥.ច្រកចេញចូលអន្តរជាតិ និង ភស្តុភារកម្មជាតិ ដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងទី៦.ទីក្រុងគំរូក្នុងគ្រប់គ្រង និងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋរចនាសម្ព័ន្ធ បរិក្ខាទីក្រុង និងផ្តល់ការងារសម្បូរបែប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)