ភ្នំពេញ៖ កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោសាងសង់រួចរាល់ ១០០ភាគរយ គ្រោងនឹងប្រគល់-ទទួល នៅខែតុលា ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងបន្តថា ក្រោយពីបានដើរពិនិត្យជុំវិញអស់ហើយឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោ មានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដោយមានការរៀបចំតាមលំដាប់លំដោយ មានសណ្ដាប់ធ្នាប់ល្អគ្រប់កន្លែង ទាំងបន្ទប់ កន្លែងបច្ចេកទេស និងកន្លែងផ្សេងៗទៀត បានបែងចែកត្រឹមត្រូវ សូម្បីច្រកចេញ-ចូល ពោលគឺត្រូវនឹងស្ដង់ដារពហុកីឡដ្ឋានអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិតទាំងថ្នាក់ជាតិនិងអន្ដរជាតិ ពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត។
ជាទូទៅពិនិត្យឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោពេលនេះ គឺចប់សព្វគ្រប់ ១០០ភាគរយហើយ ដូចយើងបានដើរមើល គឺនៅតែការតុបតែង កែលម្អតិចតួចប៉ុណ្ណោះ ព្រោះធម្មតាសំណង់ធំស្កឹមស្កៃបែបនេះ យើងត្រូវការជួសជុលតិចតួចបន្ថែម ប៉ុន្ដែជារួមសំណង់ទូទៅ ទីលានទូទៅ បន្ទប់ទូទៅ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក គឺរួចរាល់អស់ហើយ។ បើតាមការថ្លែងបន្តទៀតរបស់ លោក វ៉ាត់ ចំរើន បានបន្ថែមថា យើងកំពុងតែពិនិត្យមើលលទ្ធភាព និងពេលវេលា ហើយខាងក្រុមហ៊ុនសាងសង់ចិន ក៏បានដកកម្មករជំនាញទៅវិញបណ្ដើរៗហើយត្រៀមរៀបចំបណ្ដុះបណ្ដាលកម្មករខ្មែរ ជំនាញការខ្មែរ និងវិស្វករខ្មែរ កំពុងរៀបចំបណ្ដើរៗ រហូតដល់ថ្ងៃប្រគល់និងទទួល ដែលតាមគម្រោង អាចក្នុងខែតុលា។
អគ្គលេខាធិការ CAMSOC បានបន្ថែមទៀតថា ប៉ុន្ដែជាទូទៅគណៈកម្មការពិនិត្យបច្ចេកទេស ទាំងភាគីចិន ស្ថានទូតចិននៅកម្ពុជា ក៏ដូចគណៈកម្មការត្រួតពិនិត្យដឹកនាំ លោក ថោង ខុន គឺបានឯកភាពគ្នាអស់ហើយ គឺថាសំណង់ទាំងមូល និងបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់អស់ហើយ ទាំងទីលានបាល់ទាត់ និងទីលានអត្តពលកម្ម មានគ្រប់ទាំងអស់ ស្របតាមស្ដង់ដារទាំងអស់។ នេះគឺជាសមិទ្ធផលថ្មីមួយ ហើយយើងសង្ឃឹមថា យើងនឹងទទួលនូវមោទកភាពជាតិទាំងអស់គ្នា ចំពោះការទទួលបាននូវសមិទ្ធផលថ្មីដ៏មហាសាលនេះ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។
សម្រាប់កីឡដ្ឋានធំវិញ គឺមានសណ្ឋាគារចំនួន ៣៤បន្ទប់ ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ មានបំពាក់កន្លែងកម្សាន្តរបស់កុមារ មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
សូមរម្លឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារ ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)