ភ្នំពេញ៖ ដើម្បីបំពេញឱ្យបាននូវរាល់តម្រូវការចំណាយក្នុងបរិការណ៍កូវីដ-១៩ ក៏ដូចជាធានាឱ្យបាននូវការស្ដារឡើងវិញនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា ១០០០លានដុល្លារ ក្នុងការអន្តរាគមន៍ស្ដារសេដ្ឋកិច្ច និងរក្សាលំនឹងអាវកម្ម សំដៅបន្តប្រយុទ្ធការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ដើម្បីឈានទៅជំរុញឡើងវិញជាបណ្ដើរ នូវក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដែលមានស្រាប់ និងជាសក្ដានុពលថ្មីៗ ស្របទៅតាមបរិបទ «គន្លងប្រក្រតីថ្មី»។ បើតាមសុន្ទរកថាគន្លឹះរបស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមសុន្ទរកថាគន្លឹះរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងក្នុង «សិក្ខាសាលាស្តីពីការឈ្វេងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២» កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបន្តថា សម្រាប់ឆ្នាំ២០២២ ការរៀបចំក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុជាសាធារណៈ មានចរិតជាការប្រឹងប្រែងប្តូរផ្ដាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកសាងមូលដ្ឋានដើម្បីសម្រាប់រស់នៅជាមួយជំងឺកូវីដ-១៩។
ក្នុងគោលដៅស្ដារសេដ្ឋកិច្ច និងស្ដារជីវភាពប្រជាពលរដ្ឋឡើងវិញតាមរយៈការបន្តអនុវត្តនូវកញ្ចប់អន្តរាគមន៍សង្គមសេដ្ឋ-សេដ្ឋ សំដៅបន្តការគ្រប់គ្រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការផ្ដល់ការលើកទឹកចិត្ត និងបង្កើនទំនុកចិត្តវិនិយោគិន បន្តអភិវឌ្ឍធនធានមនុស្ស។ បើតាមសុន្ទរកថាគន្លឹះរបស់ លោក អូន ព័ន្ធមុនីរ័ត្ន។
បើតាមសុន្ទរកថាគន្លឹះរបស់ លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តថា រាជរដ្ឋាភិបាលនឹងបន្តអាទិភាពវូបនីយកម្មមុខសញ្ញាចំណាយឱ្យកាន់តែចំគោលដៅ និងពង្រីកការកៀរគរធនធាននៅមានសក្ដានុពល ទាំងនៅលើផ្នែកចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងការបន្ថែមការគិតគូរលើយន្តការហិរញ្ញប្បទាននានា ដើម្បីបំពញឱ្យបាននូវរាល់តម្រូវការចំណាយក្នុងបរិការណ៍ជំងឺកូវីដ-១៩ ក៏ដូចជាធានាឱ្យបាននូវការស្ដារឡើងវិញនៃការអភិវឌ្ឍ-សង្គមកម្ពុជា។
ជាក់ស្ដែង នៅក្នុងច្បាប់ស្ពីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ថវិកាអន្តរាគមន៍ ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម។ ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គួបផ្សំនឹងសម្ទុះនៃការកើនឡើងនូវចំនួនករណីនាំចូល ប្រភេទមេរោគបំប្លែងថ្មី (Delta) ការចំណាយអាចឡើងដល់ ១,៤៥៤លានដុល្លារ។ បើតាមសុន្ទរកថាគន្លឹះរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ដដែល បានបន្តថា ការកើនឡើងយ៉ាងគំហុកនៃបន្ទុកចំណាយលើផ្នែកសុខាភិបាល និងសង្គម នឹងធ្វើឱ្យឱនភាពថវិកា ឆ្នាំ២០២១ រីកធំរហូតដល់ ១១,០៩ភាគរយ នៃផលិតផលសរុបក្នុងស្រុក ខ្ពស់ជាងការគ្រោងក្នុងច្បាប់ប្រមាណ ២ពិន្ទុភាគរយ។
កម្ពុជា រំពឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៤,០ភាគរយនៅឆ្នាំ២០២១ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រួមនឹងវត្តមានវីរុសបំប្លែងថ្មី (Delta) បានធ្វើឱ្យកំណើននេះ សម្រេចបានត្រឹម ២,៤ភាគរយប៉ុណ្ណោះ។ បើតាមការលើកឡើងនៅក្នុងសុន្ទរកថាគន្លឹះរបស់ លោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយ នៅឆ្នាំ២០២២ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចបានឡើងវិញក្នុងរយៈពេលឆាប់ ព្រោះយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)