ភ្នំពេញ៖ រ៉ែមាស ៥៩គីឡូក្រាម កម្ពុជាបានបញ្ជូនទៅរោងចក្រក្នុងប្រទេសអូស្រា្តលី ដើម្បីបន្សុទ្ធទៅជាដុំមាស នឹងដាក់លក់ទីផ្សារប្រទេសអូស្រា្តលីតែម្តង។ បើតាមការថ្លែងឱ្យដឹងពី លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបន្តថា រ៉ែមាសជាង ១០០គីឡូក្រាមទៀត គ្រោងនាំចេញលើកទី២ ក្នុងពេលឆាប់ៗនេះ។
តាមរយៈក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី បានចម្រាញ់ ឬស្លមាស ពីតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបាន ២១០គីឡូក្រាម។ បើតាមការរម្លឹករបស់ លោក យស មុនីរ៉ាត់ បានបញ្ជាក់ ភាពសុទ្ធនៃមាស មានចន្លោះពី ៨៥ ទៅ៩៥ភាគរយ។
មាសដែលលក់បាននោះ នឹងផ្តល់ចំណូលជាសួយសារអាករចំនួន ៣ភាគរយ ចូលដល់ក្រសួងរ៉ែ និងថាមពល ខណៈ ហាងឆេងមាសនៅទីផ្សារអន្តរជាតិបច្ចុប្បន្ន អាចប្រែប្រួលប្រចាំថៃ្ង ក្នុងតម្លៃ ៥៨,០០០ដុល្លារ ក្នុងមួយគីឡូក្រាម។ បើតាមការបន្តរបស់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់។
លោក យស មុនីរ៉ាត់ បានពន្យល់ថា តម្លៃមាស មិនមានអ្វីដែលត្រូវឱ្យយើងមានការព្រួយបារម្ភនោះទេ ដោយសារថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិគឺវាចេញគ្រប់ម៉ោងប្រចាំថ្ងៃ ដូច្នេះនៅពេលដែលក្រុមហ៊ុនលក់ គឺយើងអាចដឹងពីតម្លៃហាងឆេងមាស នៅលើទីផ្សារនៅពេលនោះហើយ។ ដូច្នេះរាជរដ្ឋាភិបាលអាចទូទាត់តម្លៃពន្ធ ទៅតាមនោះតែម្តង។
សូមរម្លឹកថា ក្រុមហ៊ុនខាងលើ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១មិថុនា ឆ្នាំ២០២១។ តាំងពីថ្ងៃប្រកាសអាជីវកម្មរុករករ៉ែមាសខ្នាតឧស្សាហកម្មដំបូងកាលពីខែមិថុនា មកដល់ពេលនេះ ក្រុមហ៊ុនចម្រាញ់រ៉ែមាសបាន ២១០គីឡូក្រាម។ បើតាមផែនការ ក្រុមហ៊ុនមានសមត្ថភាពចម្រាញ់រ៉ែមាស ប្រមាណ ៣តោន ក្នុងមួយឆ្នាំ។
ប្រមុខរាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា តាមរយៈរោងចក្រចម្រាញ់រ៉ែមាសនេះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ការផលិតមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វោវ នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងចំណោមចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)