Register Already an agent ? Login

លោក អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយ នៅឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយ​ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចបានឡើងវិញក្នុងរយៈពេលឆាប់ ព្រោះយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។ បើតាមការថ្លែងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ដូចបណ្តាប្រទេសនានានៅលើសកលលោក នៅឆ្នាំ២០២០ ជាឆ្នាំដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានការលំបាកបំផុតជាប្រវត្តិសាស្រ្តធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះក្នុងអត្រា -៣,១ភាគរយ ដោយសារការធ្លាក់ចុះតម្រូវការសកល ការបង្អាក់ដល់ខ្សែច្រវាក់ផលិតកម្មសកលដែលបង្ករឡើងដោយជំងឺកូវីដ-១៩។

លោក រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបន្តថា សម្រាប់ឆ្នាំ២០២១​ ពីដើមឡើយកម្ពុជា រំពឹងថាមានកំណើន៤,០ភាគរយ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ រួមនឹងវត្តមានវីរុសបំប្លែងថ្មី (Delta) បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា មាននៅត្រឹម ២,៤ភាគរយ ប៉ុណ្ណោះ។

ក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋនិងការទ្រទ្រង់សកម្មភាពអាជីវកម្ម។ បើតាមការបន្តទៀតរបស់ របស់ លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តឱ្យដឹងថា ប៉ុន្តែដោយសារមានព្រឹត្តិការណ៍ ២០កុម្ភៈ​ ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ-១៩ អាចមានដល់ ១,៤៥៤លានដុល្លារ។

ឆ្លើយតបនឹងតម្រូវការចំណាយចំពោះមុខ​ បន្ថែមលើឥណទានវិចារណកម្មដែលសន្សំបានខាងលើ រាជរដ្ឋាភិបាល នឹងមាការចាំបាច់ត្រូវប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលបន្ថែម ៦៣៧លានដុល្លារ ដើម្បីតប់ទល់នឹងចំណាយនេះ។ បើតាមការបន្ថែមរបស់ លោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា លើសពីនេះ ចំណាយអន្តរាគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏នៅមានប្រើប្រាស់ប្រភពថវិកាផ្សេងទៀតរួមមាន៖ មូលនិធិទ្រទ្រង់ថវិកា ៨០លានដុល្លារ ហិរញ្ញប្បទានក្រៅប្រទេស ១៣០លានដុល្លារ និងថវិកាសប្បុរសជនជិត ១០០លានដុល្លារ ផងដែរ។

«លើសពីនេះទៀត ក្នុងគោលដៅកៀរគរប្រភពហិរញ្ញប្បទានក្នុងស្រុក សម្រាប់ការបន្តទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍ ២០កុម្ភៈ​ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់ការអនុវត្តច្បាប់ស្ដីពីមូលបត្រឱ្យចប់យ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២២»។ បើតាមការបញ្ជាក់ របស់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)