Register Already an agent ? Login

រាជរដ្ឋាភិបាល បានបញ្ចេញថវិកា ៧១៩លានដុល្លារ និងឈានដល់ជាង ១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងចំណាយ ១,៤៥៤លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីបានបញ្ចេញកញ្ចប់ថវិកា ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម។ បើតាមការថ្លែងរបស់ លោក អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ «ដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ គ្រោងចំណាយជាង ១ពាន់ដុល្លារ»។

នៅក្នុងសិក្ខាសាលា ស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ ជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាតាមរយៈវីដេអូ Zoom នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក អូន ព័ន្ឋមុនីរ័ត្ន បានថ្លែងបន្តថា កម្ពុជារំពឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៤,០ភាគរយនៅឆ្នាំ​២០២១ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រួមនឹងវត្តមានវីរុសបំប្លែងថ្មី (Delta) បានធ្វើឱ្យកំណើននេះ សម្រេចបានត្រឹម ២,៤ភាគរយប៉ុណ្ណោះ។

លោក អូន ព័ន្ឋមុនីរ័ត្ន បានថ្លែងបន្តដោយអះអាងថា កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ច ៤,៨% នៅឆ្នាំ២០២២ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចបានឡើងវិញក្នុងរយៈពេលឆាប់ និងសារយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។

នៅក្នុងរយៈ ពេល២ឆ្នាំចុងក្រោយនេះ កម្ពុជាប្រឈមនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវ​ភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក្តី ក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបានកាត់បន្ថយផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចឱ្យស្ថិតក្នុងកម្រិតទាប។ បើតាមថ្លែងរបស់ លោកស្រី  ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅក្នុងសិក្ខាសាលាខាងលើ។

នៅក្នុងសិក្ខាសាលានេះ លោកស្រី ឃួន សុដារី បានថ្លែងបន្តថា អ្វីដែលពិសេស និងគួរឱ្យកត់សម្គាល់នោះគឺ ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩  រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការសង្គ្រោះ ការពារអាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងដោយសារជំងឺនេះ ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយមិនបានទទួលការព្យាបាល បានថែមទាំងអ្នកកើតជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃ និងបានប្តេជ្ញាចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាជនឱ្យបានយ៉ាងតិច ១០លាននាក់នៅក្នុងឆ្នាំ២០២១។

បើតាមការថ្លែងរបស់ អនុប្រធានទី២ នៃរដ្ឋសភា បានសង្កត់ធ្ងន់ថា ការស្ដារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ គឺអាស្រ័យទាំងស្រុងទៅលើល្បឿននៃការចាក់វ៉ាក់សាំង និងការគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។ ក្នុងបរិបទនេះចាំបាច់ត្រូវធ្វើការកែទម្រង់ឱ្យបានហ្មត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ជាក់ស្ដែង បំពេញទៅនឹងតម្រូវការបន្ទាន់និងចាំបាច់របស់ប្រជាពលរដ្ឋប្រើប្រាស់ធនធានហិរញ្ញវត្ថុឱ្យបានប្រសើរបំផុតដោយធ្វើការបែងចែកថវិកាទៅលើវិស័យជាអាទិភាព នានា គាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ព្រមទាំងកសាងបាននូវភាពស៊ាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)