មណ្ឌលគិរី៖ ផែនការមេសម្រាប់អភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងជំរុញឱ្យតំបន់ភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នៅឆ្នាំ២០៣៥ ចំនួនភ្ញៀវជាតិ-អន្តរជាតិ មកកាន់ខេត្តនេះប្រមាណ ៣លាននាក់ ដោយចំណូលប្រមាណ ១៥០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព ២ដងនឹងចាក់ចូលសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមណ្ឌលគិរី។ បើតាមផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)
ចក្ខុវិស័យក្នុងផែនការមេនេះ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈដែលនៅឆ្នាំ២០៣៥ ចំនួនភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមាណ ៩០ម៉ឺននាក់។ បើតាមផែនការមេខាងលើ។
ស្របពេលជាមួយគ្នានេះដែរ ចំនួនភ្ញៀវក្នុងស្រុកនឹងកើនឡើងដល់ជាង ២លាននាក់ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។
ព្រមជាមួយការរក្សាតុល្យភាពឱ្យបានម៉ឺងម៉ាត់ រវាងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ និងអន្តរវិស័យគាំទ្រជាមួយការអភិរក្សធនធានធម្មជាតិ វប្បធម៌ជនជាតិដើមភាគតិច ដើម្បីធានាបាននូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។
ដើម្បីសម្រេចចក្ខុវិស័យនៃផែនការមេនេះ រាជរដ្ឋាភិបាលកំណត់នូវគោលដៅគន្លឹះចំនួន ៤គឺ៖
ទី១-លើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យក្លាយជាវិស័យអាទិភាពមួយ រួមចំណែកបង្កើនប្រាក់ចំណូល ឱកាសការងារ និងកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍មូលដ្ឋាន ទី២-ជំរុញឱ្យវិស័យទេសចរណ៍ ក្លាយជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្ត និងការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ ឈរលើគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ។
ទី៣-ផ្សព្វផ្សាយកិត្យានុភាពរបស់ខេត្ត ជាគោលដៅអេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌លំដាប់អន្តរជាតិ ទាំងក្នុងប្រទេស តំបន់ និងពិភពលោក និងទី៤-ជំរុញការចូលរួម និងសហការពីគ្រប់ភាគីពាក់ព័ន្ធ (4Ps) ទាំងផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍនិងសហគមន៍មូលដ្ឋានព្រមជាមួយភ្ញៀវទេសចរ ដើម្បីធានានិរន្តរភាពនៃវិស័យទេសចរណ៍ និងអន្តរវិស័យគាំទ្រនៅខេត្តមណ្ឌលគិរី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ដើម្បីសម្រេចចក្ខុវិស័យ និងគោលដៅដែលបានលើកឡើងខាងលើ រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវទិសដៅយុទ្ធសាស្រ្តអាទិភាពចំនួន ៦រួមមាន៖
ទី១-កំណត់តំបន់ទេសចរណ៍អាទិភាពសម្រាប់ការអភិវឌ្ឍ ទី២-អភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ទី៣-ពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្សគាំទ្រ ទី៤-ផ្សព្វផ្សាយនិងពង្រឹងរូបភាពវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។
ទី៥-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យគាំទ្រ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងទី៦-សម្រួលការធ្វើដំណើរ ការតភ្ជាប់ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់ដែលយុទ្ធសាស្ត្រទាំងអស់នេះ នឹងរួមចំណែកបង្កើតបានជានិម្មាបនកម្មសេដ្ឋកិច្ច ជាក់លាក់មួយសម្រាប់ការអភិវឌ្ឍខេត្តមណ្ឌលគិរី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)