Register Already an agent ? Login

ក្រសួងរៀបចំដែនដី បង្កើតក្រុមបច្ចេកទេសពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង

ព្រះសីហនុ៖ ដើម្បីពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេស រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ បើតាមសេចក្តីសម្រេចលេខ០៣៧ សសរ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារខាងលើ ជាសេនាធិការ (ជំនួយការ) ឱ្យគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងធំមួយដែលដឹកនាំដោយរដ្ឋមន្ត្រីឆ្នើម ៣ រូប។

ក្រុមការងារបច្ចេកទេសនេះ មានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រងនិងវិភាគទិន្នន័យដីធ្លី ដោយផ្អែកលើគោលនយោបាយដីធ្លី គោលនយោបាយជាតិស្តីពី «ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ផែនការរៀបចំដែន ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីខេត្តព្រះសីហនុ»។ បើតាមការបន្តបញ្ជាក់ នៅក្នុងសេចក្ដីសម្រេចខាងលើ បានបន្តថា ក្រុមការងារបច្ចេកទេសនេះ មានភារកិច្ចសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ឱ្យស្របតាមចក្ខុវិស័យនៃគោលនយោបាយ តាមវិស័យពាក់ព័ន្ធ។

លើសពីនេះ ក្រុមការងារនេះ ក៏នឹងជាអ្នកតាក់តែងសេចក្តីព្រាងគោលនយោបាយ និងលើកសំណើអំពីជម្រើសគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ ដាក់ជូនគណៈកម្មាធិការពិនិត្យ និងសម្រេចផងដែរ។ បើតាមការបន្តទៀតនៅក្នុងសេចក្ដីសម្រេចដដែល បានបន្ថែមថា ក្រុមការងារពិសេសនេះ មានសមាជិកសរុបទាំងអស់ចំនួន ៤៣រូប ដែលមានភារកិច្ចសិក្សាស្រាវជ្រាវ ចងក្រងនិងវិភាគទិន្នន័យដីធ្លីក្នុងខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ ជាខេត្តមាត់សមុទ្រ ដែលបានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្រៅពីកន្លែងទេសចរណ៍ និងច្រកចេញចូលទំនិញ ដោយមានកំពង់ផែធំជាងគេ ខេត្តនេះមានការលូតលាស់យ៉ាងលឿនរហ័សនូវសំណង់អគារចម្រុះ។

គួរបញ្ជាក់ថា ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រាជរដ្ឋាភិបាល ដែលមានមានការចូលរួមពីអន្តរក្រសួង ទិសដៅប្ដូរមុខមាត់ខេត្តព្រះសីហនុទៅជាទីក្រងស៊ិនជិនទី ២ នៅប្រទេសចិន។

កន្លងមក រដ្ឋបានអនុវត្តការងារលើកកម្ពស់ខេត្តនេះជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវ ៣៤ខ្សែ ផ្លូវ ១១ខ្សែ ការពង្រីកកំពង់ផែ និងព្រលានយន្តហោះ ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ទាំង៣ និងការងារផ្សេងៗទៀត។ ថ្មីនេះៗ ក្រសួងបរិស្ថាន ក៏កំពុងវាយតម្លៃនិងសិក្សារុករកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅប្រើប្រាស់ ធ្វើឱ្យផែនការមេអភិវឌ្ឍខេត្តព្រះសីហនុនេះអនុវត្តទៅដោយរលូន មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាន។

ទោះបីជាស្ថានភាពកូវីដ១៩ នៅតែបង្កជាបញ្ហាដល់ខេត្តសម្រាប់ដោះស្រាយក្ដី តែយើងក៏មិនភ្លេចពីការអភិវឌ្ឍខេត្ត ដើម្បីស្វាគមន៍ដល់វិនិយោគិនជាតិ និងអន្តរជាតិមកបណ្ដាក់ទុនរកស៊ី នៅពេលចប់វិបត្តិកូវីដ-១៩នោះទេ។ បើតាមការលើកឡើងរបស់ លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងខេត្ត ជាកត្តាទាក់ទាញមួយដល់វិនិយោគិនជាតិ និងអន្តរជាតិ សម្រាប់មកបណ្ដាក់ទុន។ លោក ថា នៅពេលខាងមុខឆាប់នេះ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានី កំពុងតែស្ថាបនាយ៉ាងមមាញឹក ដើម្បីសម្រួលដល់បណ្ដាអ្នកវិនិយោគ ដែលមានបំណងមកកាន់ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា រយៈពេល ៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុប ១,៥១៤អគារ បានអនុញ្ញាតឱ្យសាងសង់ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)