កែប៖ ឆ្នេរភក់ប្រវែង ២,៧០០ម៉ែត្រ និងទទឺង ៣០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង ស្ថិតក្នុងភូមិថ្មីនៃក្រុងកែប នឹងត្រូវរៀបចំកែលម្អទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ទាក់ទាញទេសចរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានបញ្ជាក់ ការកែលម្អនេះ សំដៅលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ពីតំបន់មិនមានការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ ដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងប្រទេសជាតិ។
ការកែលម្អពីឆ្នេរភក់ ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដោយរៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ ដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រផងដែរ។ បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ គអឆក បានបន្តទៀតថា ដោយឡែក ថវិកាសម្រាប់អនុវត្តគម្រោងខាងលើនេះ នឹងបានមកពីការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិខ្លួនឆ្ពោះទៅសួនច្បារ។
គម្រោងនេះ នឹងពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយបន្តពីសួនច្បារសំដៅលើកម្ពស់សោភ័ណភាព និងបរិស្ថានប្រែក្លាយពីតំបន់ដែលមិនមានការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋ មានវិសាលភាពធំទូលាយ ទាក់ទាញទេសចរបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ។ បើតាមការបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ គអឆក។
បើតាម គអឆក បានបន្តទៀតថា គម្រោងនេះ គឺធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍរវាងរដ្ឋ និងឯកជនក្នុងគោលបំណងកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លំហសាធារណៈ និងផ្ទៃបៃតង។ ជាមួយគ្នា បើតាមរដ្ឋបាលខេត្តកែប ក្រៅពីគម្រោងនេះ ក៏នៅមានគម្រោងស្រដៀងគ្នាមួយទៀត គឺគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ ធម្មជាតិអង្កោល ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។
សូមបញ្ជាក់ថា គអឆក បានគាំទ្រឱ្យឯកជនអនុវត្តគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅភូមិថ្មី ខេត្តកែប ខណៈបន្តជំរុញឱ្យឯកជន និងរដ្ឋសហការគ្នាបង្កើតទីតាំងរមណីដ្ឋានទេសចរណ៍ថ្មីៗ បន្ថែមទៀត នៅក្នុងខេត្តនេះ។
គួរបញ្ជាក់ផងដែរថា ខេត្តកែបជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេមួយផងដែរក្នុងចំណោមខេត្តនានាទូទាំងប្រទេសនៅក្នុងបរិបទកូវីដ-១៩ ហើយខេត្តនេះក៏មានផ្លូវតភ្ជាប់ពីភ្នំពេញកាន់តែស្រួលផងដែរ ដោយបានកសាងជិតរួចរាល់ទាំងស្រុងហើយ។ ម្យ៉ាងទៀត រដ្ឋាភិបាលក៏បានប្រកាសសាងសង់ផ្លូវជាតិសំខាន់ៗទៅកាន់ខេត្តដើម្បីជួយសម្រួលទេសចរធ្វើដំណើរទៅកម្សាន្ត និងត្រឡប់មកវិញ និងរំពឹងថាខេត្តនេះនឹងកាន់តែទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើងថែមទៀតពេលចប់វិបត្តិកូវីដ-១៩៕
ដោយ៖ មឿន ឌីណា (Moeun Dyna)