Register Already an agent ? Login

ដីនៅភាគខាងត្បូងរាជធានីភ្នំពេញ ៨ឆ្នាំចុងក្រោយនេះបានឡើងថ្លៃជាង ២ពាន់ដុល្លារ ក្នុងមួយម៉ែត្រការ៉េ

ភ្នំពេញ៖ រយៈពេល ៨ឆ្នាំចុងក្រោយនេះ ដីនៅភាគខាងត្បូងរាជធានីភ្នំពេញបានឡើងថ្លៃ ២,២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នៅឆ្នាំ២០២១នេះ ដែលកើន ១១ដង កាលពីឆ្នាំ២០១៣ មានតម្លៃត្រឹមតែ ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ បើតាមរបាយការណ៍របស់ CBRE។

នៅក្នុងរបាយការណ៍របស់ CBRE បានបន្តឱ្យដឹងថា ការព្យាករ តម្លៃដីនៅភាគខាងត្បូងភ្នំពេញនឹងមាននិន្នាការឡើងថ្លៃជាបន្តបន្ទាប់ ខណៈតម្លៃដីក្នុងតំបន់នេះចាប់ផ្តើមឡើងថ្លៃតាំងពីឆ្នាំ២០១១ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសគម្រោងកសាងមហាវិថីសម្តេចតេជោ និងក្រោយមកគម្រោងព្រលានយន្តហោះ។

នៅតំបន់សងខាងមហាវិថីសម្តេចតេជោ តម្លៃដីខ្ពស់បំផុតកើនដល់ប្រមាណ ២,២០០ដុល្លារ ក្នុងមួយការ៉េ ក្នុងឆ្នាំ២០២១ បានកើនឡើង ១១ដង បើធៀបនឹងតម្លៃត្រឹម ២០០ដុល្លារ កាលពីឆ្នាំ២០១៣។ បើតាមការបន្តនៅក្នុងរបាយការណ៍ CBRE បានបន្តទៀតថា ដោយឡែក សម្រាប់តម្លៃអចលនទ្រព្យប្រភេទលំនៅដា្ឋនវិញ នៅតំបន់ផ្លូវមហាវិថីសម្តេចតេជោ មានតម្លៃចាប់ពី ៥០០ដុល្លារ ក្នុងមួយការ៉េ ទៅ ២,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

បើតាមរបាយការណ៍ដដែលនេះ បានបន្ថែមឱ្យដឹងថា សម្រាប់តម្លៃដីក្នុងតំបន់ក្នុងខណ្ឌដង្កោ ជាទូទៅមានចាប់ពី ៨០ដុល្លារ ដល់ ២៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅក្រុងតាខ្មៅមានតម្លៃចាប់ពី ៥០០ដុល្លារ ទៅ ២,០០០ដុល្លារ ក្នុងមួយការ៉េ។ សម្រាប់តម្លៃអចលនទ្រព្យឧស្សាហកម្មវិញ តម្លៃចាប់ពី ៥០ដុល្លារ ទៅ ១០០ដុល្លារ ក្នុងមួយការ៉េ រីឯតំបន់នៅក្បែរគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មីពី ៨០ដុល្លារ ទៅ ២៤០ដុល្លារ នៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចផ្លូវជាតិលេខ២។

បើតាមគេហទំព័រ construction-property បានស្រង់របាយការណ៍របស់ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ដែលបានព្យាករណ៍ថា ទីតាំងភាគត្បូងរួមមាន ខណ្ឌដង្កោ និងខណ្ឌមានជ័យនៃរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកស្អាង នៃខេត្តកណ្តាល នឹងក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជានៅពេលអនាគត ដែលរួមផ្ដុំទៅដោយគម្រោងលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ភាពរីកចម្រើននេះ គឺជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់ ឬស្មើនឹងទឹកប្រាក់សរុបប្រមាណ ២,២ពាន់លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)