ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួនពីរ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតគ្រឿងបន្សំកាបូប ដែលមានទុនវិនិយោគសរុប ៥,៥លានដុល្លារ ជាងបង្កើតការងារបានចំនួន ១,២២៧កន្លែង។
ក្រុមហ៊ុនទាំងពីរ ដែលទទួលបានការចុះបញ្ជីជាស្ថាពរពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគឺ៖
ក្រុមហ៊ុន COLLABORATION PACKAGING MATERIAL PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ទីតាំងវិនិយោគស្ថិតនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៦កន្លែង។
និងក្រុមហ៊ុន CHASEFIRE OUTDOORS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់សុវត្ថិភាព ផលិតកាបូប និងឧបករណ៍សម្ភារៈសម្រាប់បោះជំរំគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០២១កន្លែង។
បើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០ភាគរយ ឬ ៣១៥លានដុល្លារ។
នៅក្នុងឆមាសទី១ តួរលេខវិនិយោគមកពីប្រទេសចិន នៅតែឈរនៅលំដាប់ទី១ ដោយចូលរួមចំណែកប្រមាណ ៦៩ភាគរយ នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកឈរនៅលំដាប់ទី២ ដោយចូលរួមចំណែក ២១ភាគរយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)