Register Already an agent ? Login

រាជរដ្ឋាភិបាល អនុម័តដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ២០២១-២០៣៥

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានអនុម័ត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តីលេខ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះ ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេកទេស និង លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។

បើទោះបីប្រឈមនឹងវិបត្តិកូវីដ-១៩ លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំការងារនេះជាប្រចាំ និងម៉ត់ចត់ និងបានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗជាច្រើន។ ផែនការមេនេះ បានចាប់ផ្តើមដំណើរការរៀបចំនៅអំឡុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។

ផែនការមេនេះក៏ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម ពី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប និងខេត្តមណ្ឌលគិរី តាមរយៈលិខិតលេខ០១ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដែលមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន៕

ដោយ៖ មឿន ឌីណា (Mouen Dyna)