ភ្នំពេញ៖ វឌ្ឍនភាពនៃគម្រោងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេចបាន ៧៥ភាគរយ ខណៈផ្លូវក្រោមដី ៣ខ្សែបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបន្ថយការកកស្ទះផងដែរ។ បើតាមការថ្លែងឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ បានថ្លែងបន្តថា ផ្លូវដែលដាក់ឱ្យប្រើបណ្ដោះអាសន្នទាំង ៣ខ្សែ រួមមាន៖ ខ្សែទី១ ឱ្យប្រើប្រាស់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ គឺផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្សី បើកឱ្យមានលំហូរចរាចរណ៍ ដើម្បីដំណើរសម្រួលការកកស្ទះ។ ផ្លូវនេះ មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ខ្សែទី២ គឺការភ្ជាប់ចរាចរឯកទិសពីផ្លូវជាតិ៤ ឆ្ពោះទៅមហាវិថីចោមចៅប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ៣,៧ម៉ែត្រ និងខ្សែទី៣ ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ១,៨៦ម៉ែត្រ។ ទាំងពីរខ្សែនេះ ប្រើប្រាស់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
សូមរម្លឹកថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជ ធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគ ទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាប្រមាណ ២២លានដុល្លារ គ្រោងបញ្ចប់រួចរាល់ក្នុងឆ្នាំ ២០២១នេះ។ ស្ពាននិងផ្លូវនេះ នៅចំណុចរង្វង់មូលចោមចៅ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាសចំនួ ន៥រួចមកហើយដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧មករា ស្ពានអាកាស ៥មករា និងស្ពានអាកាសផ្សារដីហ៊ុយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)