Register Already an agent ? Login

ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ មានប្រវែងជិត ១៣០គីឡូម៉ែត្រ អាជ្ញាធរខេត្តព្រះវិហារជួសជុលកែលម្អឡើងវិញជិតរួចរាល់ហើយ

ព្រះវិហារ៖ ផ្លូវខ្សែក្រវាត់ ព្រំដែនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ពិសេសផ្លូវក្រាលក្រួសក្រហម ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែន កម្ពុជា-ថៃ និងឡាវ ដែលទទួលរងនូវការខូចខាត ដោយសារជំនន់ទឹកភ្លៀងកន្លងមក ត្រូវបានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជួសជុលនិងកែលម្អឡើងវិញបានប្រមាណ ៩០ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានថ្លែងបន្តថា កន្លងមកនេះ លោក បានបញ្ជូនមន្ត្រីជំនាញនាំយកគ្រឿងចក្រគ្រប់ប្រភេទចុះទៅ កាន់ទីតាំង ដែលត្រូវជួសជុល និងកៀរសម្រួលផ្លូវតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ ឱ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានហូរច្រោះ និងកាត់ផ្តាច់ជាអន្លើៗកាលពីរដូវវស្សាឆ្នាំមុន បើគិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់យើង បានជួសជុលនិងកែលម្អផ្លូវតាមខ្សែបន្ទាត់ព្រំដែនទាំងនេះ សល់តែប្រមាណ ១០ភាគរយទៀតប៉ុណ្ណោះ។

ផ្លូវដែលរងការខូចខាតខ្លាំង ហើយត្រូវជួសជុលឡើងវិញមាន ផ្លូវជាតិលេខ៩៤ ប្រវែង ៦៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែបឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ឡាវ ផ្លូវជាតិលេខ៩៥ ជាផ្លូវក្រាលក្រួសក្រហមមានប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន ផ្លូវជាតិលេខ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង។ បើតាមការថ្លែងឱ្យដឹងបន្តពី លោក សំ លាងទ្រី។

លោក ប្រធានមន្ទីរខាងលើ បានបន្តទៀតថា ជាមួយគ្នាក៏មានផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលក្រួសក្រហមមានប្រវែងជាង ៨០គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបន្តតភ្ជាប់ទៅកាន់តំបន់បន្ទាយស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្តនៃតំបន់ព្រំដែនកម្ពុជា-ថៃ ដោយជួសជុលឆ្លងកាត់ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ។

លោក ប្រធានមន្ទីរដដែលនេះ បានបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រវាត់ព្រំដែនដែលរងការខូចខាត ដោយជំនន់ ទឹកភ្លៀងជាអន្លើៗ កន្លងមកយើងបានកែសម្រួល ដូចជា៖ ជួសជុល លុប ជង្ហុក លុបផ្លូវសំបុកមាន់ និងការកាត់សម្អាតរុក្ខជាតិដោយ ម៉ាស៊ីនស្វ័យប្រវត្តិជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើរការដឹកជញ្ជូន កសិផល កសិកម្ម ពីទីជនបទទៅកាន់ ទីប្រជុំជន។

លោក បានបន្ថែម ម្យ៉ាងទៀត ដើម្បីធានាសុខសុវត្ថិភាពក្នុងការធ្វើដំណើរបានរហ័សចំណាយពេលវេលាតិចជូនប្រជាពលរដ្ឋ នៅក្នុងតំបន់នីមួយៗ ពិសេសកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងឡាវក្នុងភូមិ សាស្ត្រខេត្តព្រះវិហារ៕

ដោយ៖ មឿន ឌីណា (Mouen Dyna)