Register Already an agent ? Login

កំពង់ផែទេសចរណ៍កោះទន្សាយ ៣ខែទៀត នឹងដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពេលនេះសម្រេចបាន ៧០%

កែប៖ ការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចបានប្រមាណ ៧០ភាគរយហើយ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងរយៈពេល ៣ខែទៀត ក្នុងឆ្នាំ២០២១នេះ។ បើតាមការថ្លែងឱ្យដឹងពី អភិបាលខេត្ត​កែប លោក សោម​ ពិសិដ្ឋ បានជំរុញដល់ក្រុមហ៊ុន ដែលទទួលការសាងសង់ ត្រូវពន្លឿនការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះឱ្យបានទាន់ពេលវេលា។

លោក សោម​ ពិសិដ្ឋ បានដឹកនាំមន្រ្តីរដ្ឋបាលខេត្តកែប ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញ ចុះពិនិត្យដំណើរការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ខេត្តកែប​ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែកោះទន្សាយនេះមិនបានពន្យារពេលនោះទេ ទោះបីជំងឺសកលរាតត្បាតយ៉ាងណាក្ដី គឺបន្តការសាងសង់តាមដំណាក់កាល និងពេលវេលា ដែលមាននៅក្នុងគម្រោងថវិកាជាតិយ៉ាងត្រឹមត្រូវ។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានថ្លែងបន្តថា សម្រាប់ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ គឺស្ថិតនៅលើទីតាំងផែចាស់ ដែលស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជា រូបក្តាម មានចម្ងាយ ពីដីគោក ចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជិត ៥ពាន់ម៉ែត្រការ៉េ ប្រើប្រាស់ ថវិកាសាងសង់សរុបជិត ៥ពាន់លានរៀល (ជាង ១លានដុល្លារ)។

«កំពង់ផែកោះទន្សាយនេះ ជាសមិទ្ធផលថ្មីមួយទៀត​ របស់រាជរដ្ឋាភិបាលដែលអនុវត្តន៌គម្រោងសាងសង់ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយសង្ឃឹមថានឹងអាចផ្តល់កំណើនដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប​ផងដែរ»។ បើតាមការបញ្ជាក់បន្តទៀតរបស់ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ។

លោក អភិបាលខេត្តកែប បានថ្លែងរម្លឹកថា គម្រោងការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ បានបើកដំណើរការដា្ឋនសាងសង់ កាលពីចុងឆ្នាំ២០១៨ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាពអាចទទួលចតនាវាដែលអាចផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបានតែតិចតួចប៉ុណ្ណោះ ព្រោះកំពង់ផែនេះ មិនអាចទទួលនាវាលើសពី ១៥តោនបាននោះទេ៕

ដោយ៖ មឿន ឌីណា (Mouen Dyna)