ព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានចំនួន ១៦៧,១៤៨,៦៦៧,០០០រៀល (ប្រមាណ ៤១លានដុល្លារ) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានកើនឡើងប្រមាណ ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ១៤៧,៣៣៣,៣៩៨,០០០រៀល (ប្រមាណ ៣៦លានដុល្លារ)។ បើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នៅក្នុងរបាយការណ៍ខាងលើបានបន្តថា ប្រាក់ចំណេញ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៥០,៨៨១,១៧៤,០០០រៀល (ប្រមាណ ១២.៧លានដុល្លារ) កើនឡើង ៨១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៩,១៦០,៥១៩,០០០រៀល (ប្រមាណ ២លានដុល្លារ)។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ដដែល៕
ដោយ៖ មឿន ឌីណា (Mouen Dyna)