ភ្នំពេញ៖ នៅក្នុងវិបត្តិជំងឺសកល កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១០២,៥៦០នាក់ ថយចុះ ៩១,៣ភាគរយ ខណៈ ពលរដ្ឋកម្ពុជា ចេញទៅក្រៅប្រទេសជាង ១០,៥៣៨នាក់ ថយចុះ ៩៦,៦ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។
នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍បានបន្តឱ្យដឹងថា ភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ ធៀបនឹងឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិ ដែលមកតាមផ្លូវអាកាស ៤៦,២៤៩នាក់ ថយចុះ ៩៣,២ភាគរយ មកតាមផ្លូវគោក ៥៦,៣០៩នាក់ ថយចុះ ៨៧,៤ភាគរយ និងមកតាមផ្លូវទឹកមានតែ ២នាក់ប៉ុណ្ណោះ។
បើតាមរបាយការណ៍ដដែលបានបញ្ជាក់ឱ្យដឹងថា ទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ ដែលថមថយដោយសារវិត្តិជំងឺកូវីដ-១៩ រួមមាន៖ ១.ទេសចរថៃ ៥២,២៩០នាក់ ថយចុះ ៦៧,៥ភាគរយ ២.ទេសចរចិន ២៩,៧៥១ នាក់ ថយចុះ ៨៩,២ភាគរយ ៣.ទេសចរវៀតណាម ៦,៩៥៦នាក់ ថយចុះ ៩៦,១ភាគរយ ៤.ទេសចរឥណ្ឌូណេស៊ី ៣,៤១៥នាក់ ថយចុះ ៧៤,៣ភាគរយ។
៥.ទេសចរកូរ៉េខាងត្បូង ១,៨៣៣នាក់ ថយចុះ ៩៦,៥ភាគរយ ៦. ទេសចរសហរដ្ឋអាមេរិក ១,៥៩០នាក់ ថយចុះ ៩៧ភាគរយ ៧.ទេសចរចិនមកពីកោះតៃវ៉ាន់ ១,៥០៤នាក់ ថយចុះ ៩២.៨ភាគរយ ៨.ទេសចរម៉ាឡេស៊ី ៨៨៣នាក់ ថយចុះ ៩៦,៥ភាគរយ ៩.ទេសចរជប៉ុន ៧៩០នាក់ ថយចុះ ៩៨ភាគរយ ១០.ទេសចរបារាំង ៦៤៨នាក់ ថយចុះ ៩៨,៥ភាគរយ។
ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១នាក់ ថយចុះ ៣៧,៣ភាគរយ ធៀបនឹងឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨នាក់។ បើតាមរបាយការណ៍របស់ក្រសួងដដែល។
ស្រដៀងនេះដែរ តាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលភ្ញៀវបរទេស ១០,៨ម៉ឺននាក់ បានធ្លាក់ចុះ ៩០,៨ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២០ មានចំនួន ១,១៨លាននាក់។ ក្នុងនោះភ្ញៀវជនជាតិចិនដែលមានចំនួន ២៧៥,៦៧១នាក់ (ច្រើនជាងគេ) កាលពីឆមាសទី១ ឆ្នាំមុន បានធ្លាក់ចុះ ៨៧,៨ភាគរយ។
នៅក្នុងរបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ «ស្ថានការណ៍នៃការអូសបន្លាយឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ធ្លាក់ចុះយ៉ាងគំហុក»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានថ្លែងថា ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសកម្ពុជា នឹងចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗចាប់ពីត្រីមាសទី៤ ឆ្នាំ២០២១។ លោក មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានដំណើរការល្អឡើងវិញ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា រយៈពេលជាង ១ឆ្នាំមកហើយដែលវិស័យទែសចរណ៍ ត្រូវជាប់គាំងស្ទើរទាំងស្រុង។ អ្នកស្រី បានបញ្ជាក់ថា ការបើកឱ្យមានភ្ញៀវទេសចរអន្តរជាតិឡើងវិញ វាមិនត្រឹមតែធ្វើឱ្យអ្នកនៅក្នុងវិស័យនេះទទួលបានចំណូល និងការងារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អផងដែរ។
សូមបញ្ជាក់ថា ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ១,៣០៦,១៤៣ នាក់ ធ្លាក់ចុះ ៨០,២ភាគរយបើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន ៦,៦១០,៥៩២នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)