ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលភ្ញៀវបរទេស ១០,៨ម៉ឺននាក់ បានធ្លាក់ចុះ ៩០,៨ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២០ មានចំនួន ១,១៨លាននាក់។ ក្នុងនោះភ្ញៀវជនជាតិចិនដែលមានចំនួន ២៧៥,៦៧១ នាក់ (ច្រើនជាងគេ) កាលពីឆមាសទី១ ឆ្នាំមុន បានធ្លាក់ចុះ ៨៧,៨ភាគរយ។ បើតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា។
នៅក្នុងរបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ «ស្ថានការណ៍នៃការអូសបន្លាយឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ មានជាង ១០ម៉ឺននាក់ ធ្លាក់ចុះយ៉ាងគំហុក»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីដើមខែមេសា ឆ្នាំ២០២១ បានស្នើសុំឱ្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិចារណាពីការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ ដោយអនុញ្ញាតឱ្យពួកគេចូលទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ចាប់ពីត្រីមាសទី៤ ឆ្នាំនេះតទៅ។
ការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឱ្យចំនួនជនបរទេសធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយធ្លាក់ចុះយ៉ាងគំហុកនៅគ្រប់ប្រទេសលើពិភពលោក គឺមិនមែនមានតែកម្ពុជាទេ។ បើតាមការថ្លែងរបស់ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។
បើតាមភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក ធួន ស៊ីណាន បន្តថា លោក មានសុទិដ្ឋិនិយមថា ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសកម្ពុជា នឹងចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗចាប់ពីត្រីមាសទី៤ ឆ្នាំ២០២១ នេះតទៅ បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានដំណើរការល្អឡើងវិញ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលបានផ្ដល់បទសម្ភាសឱ្យភ្នំពេញប៉ុស្តិ៍ថា អ្នកស្រីពិតជាចង់ឱ្យវិស័យនេះមានជីវិតឡើងវិញណាស់ ព្រោះរយៈពេលជាង ១ឆ្នាំមកហើយដែលវិស័យនេះត្រូវជាប់គាំងស្ទើរទាំងស្រុង។ លោក ស្រី បានបន្តថា ការបើកឱ្យមានភ្ញៀវទេសចរអន្តរជាតិឡើងវិញ វាមិនត្រឹមតែធ្វើឱ្យអ្នកនៅក្នុងវិស័យនេះទទួលបានចំណូល និងការងារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អផងដែរ។
សូមបញ្ជាក់ថា ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ១,៣០៦,១៤៣ នាក់ ធ្លាក់ចុះ ៨០,២ភាគរយបើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន ៦,៦១០,៥៩២នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)