សៀមរាប៖ តំបន់ទេសចរណ៍បឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប មានទំហំប្រមាណ ២៦០៧ហិកតា ដែលជាប់នឹងបឹងទន្លេសាប អាជ្ញាធរខេត្ដសៀមរាប និងសមាគមទេសចរណ៍ បានសហការគ្នាកែលម្អស្ដារឡើងវិញ ដោយកាយយកអាចម៍ដីភក់ចេញជាបណ្ដើរបានប្រមាណ ១០ហិកតា។ បើតាមការថ្លែងឱ្យដឹងពី លោក គង់ មង្គល ប្រធានសមាគមទេសចរណ៍ធម្មជាតិបឹងពារាំង។
លោក គង់ មង្គល បានថ្លែងបន្តថា គម្រោងស្ដារបឹងធម្មជាតិនេះ អាជ្ញាធរបានអនុញ្ញាតិឱ្យជីកស្ដារ ៣០ហិកតាក្នុងមួយឆ្នាំ ប៉ុន្ដែជំហ៊ានទី១ ត្រូវជីកស្ដារ ១០ហិកតា ជម្រៅពី ៤ម៉ែត្រឡើង ទៅ៨ម៉ែត្រ ដើម្បីជួយសង្គ្រោះត្រីពូជសិន ព្រោះទឹកបឹងនេះ មានការរីងស្ងួតនៅរដូវប្រាំង។
ប្រធានសមាគមទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានថ្លែងបន្តទៀតថា ដោយឃើញស្ថានភាពបឹងនោះរីងទឹកជារៀងរាល់ឆ្នាំ ខ្ញុំបានសុំការអនុញ្ញាតិច្បាប់ស្ដារយកអាចម៍ដីចេញទំហំជាង ១០០ហិកតា ជំរៅ៤ម៉ែត្រ ដើម្បីធ្វើទីជម្រកត្រីពូជឱ្យរស់នៅក្នុងបឹងច្រើននោះកាន់តែច្រើន ព្រមទាំងកែលម្អបឹងនោះ ឱ្យទៅជាកន្លែងទេសចរណ៍ទាក់ទាញអ្នកទស្សនាបន្ថែមទៀត ខណៈ បច្ចុប្បន្នមានអ្នកទៅទស្សនាមានតិចតួច ដោយសារមិនទាន់រៀបចំឱ្យបានស្រស់ស្អាតនៅឡើយ។
បឹងធម្មជាតិមួយនេះ មានទំហំប្រមាណ ២៦០៧ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែ ២២៣ហិកតាប៉ុណ្ណោះ ទើបសមាគមន៍ទេសចណ៍មួយនេះ សុំការអនុញ្ញាតិជីកស្ដារឡើងវិញដើម្បីអភិរក្សនិងអភិវឌ្ឍន៍ត្រីពូជ ខណៈដែលបឹងធម្មជាតិនេះ ចាប់ពីមាត់បឹងទន្លេសាបពីខាងជើង។ បើតាមការថ្លែងបន្តទៀតរបស់ លោក គង់ មង្គល។
លោក បានបន្ថែមថា បឹងធម្មជាតិមួយនេះ មានមច្ឆាជាតិ និងសត្វស្លាបរាប់រយប្រភេទ បាននឹងកំពុងរស់នៅក្នុងបឹងនោះ បច្ចុប្បន្ន បានគោករាក់ទឹកខ្លះហើយៗ បណ្ដាលឱ្យមច្ឆាជាតិរងការបាត់បង់ដោយសារគ្មានទឹកគ្រប់គ្រាន់។
បឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃលិចទឹក មានហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទ ក្នុងទឹកបឹងនេះ ដែលមានចម្ងាយពីទីប្រជុំជននៃសង្កាត់ជ្រាវប្រមាណ ៦គីឡូម៉ែត្រ។ បើតាមការថ្លែងបន្ថែមរបស់ លោក គង់ មង្គល បានបញ្ជាក់ «ក្រោយពេលដែលបឹងនោះបានស្ដាររួចហើយ អាចជាបឹងសម្បូរទៅដោយមច្ឆាជាតិ សត្វស្លាប និងសត្វស្វាជាច្រើនរស់នៅក្នុងព្រៃធម្មជាតិសម្បូរទៅដោយអេកូទេសចរណ៍ ដែលអ្នកទេសចរទៅទស្សនា និងស្ទូចត្រីកម្សាន្ដនៅតំបន់ទេសចរណ៍នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)