Register Already an agent ? Login

គម្រោងសាងសង់ផ្សារខ្នាតធំនៅទីរួមខេត្តត្បូងឃ្មុំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ នឹងចាប់ផ្ដើមនៅខែសីហានេះហើយ

ត្បូងឃ្មុំ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ ទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការសាងសង់ផ្សារខ្នាតធំ នៅចំកណ្ដាលទីរួមខេត្ត ដែលគម្រោងនេះជាផ្នែកមួយនៃតំបន់ពាណិជ្ជកម្មខ្នាតយក្ស និងប្លង់មេអភិវឌ្ឍខេត្ត។ ផ្សារខ្នានធំនេះ នឹងចាប់ផ្តើមសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២១ តាមគម្រោងផ្សារនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់តំបន់ពាណិជ្ជកម្មក្នុងខេត្ត។

លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ជឿជាក់ថា ផ្សារធំត្បូងឃ្មុំនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យតំបន់ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្លាយជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយដែលផ្គត់ផ្គង់ផលិតផល និងសេវាកម្មជាច្រើនប្រភេទទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក អភិបាលខេត្ត បានថ្លែងថា ផ្សារខ្នាតធំនេះ ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មខេត្ត ដែលមានចម្ងាយដើរតែ ៥នាទីទៅដល់រដ្ឋបាលខេត្ត។ លោក បញ្ជាក់ «ផ្សារធំត្បូងឃ្មុំនេះ នឹងក្លាយជាដែកឆក់មួយដ៏សំខាន់ ក្នុងការស្រូបទាញសកម្មភាពអាជីវកម្មនានាចូលរួមយ៉ាងសកម្មក្នុងការអភិវ្ឍតំបន់ពាណិជ្ជកម្មខេត្ត ស្របតាមផែនការអភិវឌ្ឍមេរបស់ខេត្តត្បូងឃ្មុំផងដែរ»។

លោក ជាម ច័ន្ទសោភ័ណ្ឌ បានថ្លែងបន្តទៀតថា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរមកកាន់ផ្សារខ្នាតធំនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសាងសង់និងដាក់ឱ្យប្រើប្រាស់រួចរាល់នូវផ្លូវកៅស៊ូទំហំ ៥០ម៉ែត្រ និង៣០ម៉ែត្រ ជាច្រើនខ្សែក្នុងការបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋដែលចង់ប្រកបមុខរបររស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់ពាណិជ្ជកម្មខេត្តនេះ។

ផ្សារធំត្បូងឃ្មុំនេះ មានទីតាំងស្ថិតនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្ម មរតកត្បូងឃ្មុំ ដែលជាគម្រោងអភិវឌ្ឍន៍ ចម្រុះឈានមុខគេនៅក្នុងខេត្តត្បូងឃ្មុំ។ បើតាមការថ្លែងឱ្យដឹងពីម្ចាស់គម្រោងផ្សារខ្នាតធំ បានបន្តថា នៅក្នុងឱកាសបើកការសាងសង់ផ្សារធំត្បូងឃ្មុំនេះផងដែរ គម្រោងទីក្រុងពាណិជ្ជកម្ម មរតកត្បូងឃ្មុំ នឹងបើកលក់ផ្ទះអាជីវកម្មនៅជុំវិញផ្សារ និងតូបផ្សារជាច្រើនផងដែរ ក្នុងតម្លៃពិសេសជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)