កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យពិភាក្សា កែតម្រូវទៅលើភាពជាក់ស្ដែងប្លង់គោលនៃគម្រោងការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាល ស្ថិតក្នុងឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ដែលរដ្ឋបាលខេត្តកំពត មានគម្រោងអភិវឌ្ឍយូរមកហើយ។
នៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើគម្រោងប្លង់គោលខាងលើ ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក ជាវ តាយ បានថ្លែងបញ្ជាក់ថា «គម្រោងការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលនេះ រដ្ឋបាលខេត្តកំពតបានគ្រោងជាយូរមកហើយ ប៉ុន្តែនៅមិនទាន់មានការឯកភាពគ្នា ពីមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធម៌មូលដ្ឋាននៅឡើយ»។
លោក អភិបាលខេត្តកំពត បានថ្លែងបន្តថា កិច្ចប្រជុំនេះ គឺជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ ដោយធ្វើយ៉ាងណាឱ្យដំណើរការគម្រោងនេះ សម្រេចបានឆាប់រហ័សដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការអភិវឌ្ឍគម្រោងនេះ។
គម្រោងនេះ ជាគម្រោងវិនិយោគរយៈពេល ១៥ឆ្នាំ ជាមួយនឹងដៃគូវិនិយោគចំនួន ១១នាក់ ដែលពួកគាត់ នឹងរៀបចំឱ្យមានសេវាកម្មទេសចរណ៍ផ្សេងៗមានដូចជា៖ មានកន្លែងសម្រាប់អង្គុយលម្ហែមើលទេសភាព និងស្រូបយកខ្យល់អាកាស កន្លែងទទួលទានអាហារ សួនច្បារ កន្លែងកីឡា កន្លែងកម្សាន្តរបស់កុមារ និងចំណតរថយន្តជាដើម ប៉ុន្តែមិនអនុញ្ញាតឱ្យសង់អគារខ្ពស់ ឬកន្លែងស្នាក់នៅទេ។ បើតាមការថ្លែងបន្តទៀតរបស់ លោក ជាវ តាយ។
នាឱកាសនោះ លោក ជាវ តាយ ក៏បានស្នើសូមឱ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាសហការគ្នាបានល្អ ដើម្បីឱ្យគម្រោងការអភិវឌ្ឍតំបន់ឆ្នេរនេះ បានសម្រេចជោគជ័យ សម្រាប់ជាសក្ដានុពលបម្រើសេវាកម្មទេសចរណ៍ខេត្តកំពត កាន់តែរីកចម្រើនបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ រដ្ឋបាលស្រុកទឹកឈូ បានឱ្យដឹងថា ទោះស្ថិតនៅក្នុងបរិបទកូវីដ-១៩ សកម្មភាពនៃការអភិវឌ្ឍដី នៅតែមានដំណើរការទៅមុខជាបន្តបន្ទាប់ ដោយមិនមានក្រុមហ៊ុន ឬគម្រោងវិនិយោគណាមួយ ក្នុងស្រុកទឺកឈូរាំងស្ទះនោះទេ ពោលគឺគិតត្រឹមខែឧសភាព ឆ្នាំ២០២១ មានគម្រោងអភិវឌ្ឍដីចំនួន ២១កន្លែង កំពុងធ្វើសកម្មភាព។ក្នុងចំណោមនោះ មានគម្រោងដីឡូតិ៍ ១៥គម្រោង ផ្ទះលំហែនិងដីឡូតិ៍ ២គម្រោង ផ្ទះល្វែងនិងដីឡូតិ៍ ៣គម្រោង និងគម្រោងសាងសង់បុរី ១គម្រោង ដែលត្រូវចំណាយទុនវិនិយោគប្រមាណ ១១លានដុល្លារ។
បើតាមគេហទំព័រអចលនទ្រព្យអាស៊ីបានស្រង់សំដី លោក មូល សុធា ប្រធានអង្គភាពច្រកចេញចូលតែមួយស្រុកទឹកឈូ ឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលក៏ដោយ ប៉ុន្តែសម្រាប់ខេត្តកំពត ក៏ដូចជាស្រុកទឹកឈូ ការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដីឡូតិ៍ សំណង់ផ្ទះលំហែ បឹងហ្គាឡូ ផ្ទះល្វែង និងគម្រោងបុរី បាននឹងកំពុងដំណើរការជាធម្មតា។ ជាមួយគ្នានេះ ក្រុមហ៊ុនជាច្រើនបានដាក់ពាក្យសុំវិនិយោគជាហូរហែបន្តបន្ទាប់ផងដែរ។
បើតាមគេហទំព័រដដែល បានស្រង់សំដី លោក មូល សុធា បន្តថា គម្រោងអភិវឌ្ឍន៍ដែលបានដាក់ពាក្យស្នើសុំ ក្នុងរយៈពេលចុងក្រោយនេះ ភាគច្រើនអភិវឌ្ឍនៅតំបន់ជុំវិញក្រុងកំពត និងតំបន់អភិវឌ្ឍសេវាទេសចរណ៍ ដូចជានៅតាមបណ្តោយដងព្រែកកំពង់កណ្តាល និងព្រែកកំពង់គ្រែងជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)