កំពត៖ ក្រុងបូកគោ គឺជារដ្ឋបាលក្រុងមួយត្រូវបានរាជរដ្ឋាភិបាលទើបបានសម្រេចបង្កើតថ្មី ហើយត្រូវបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្របទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១។ បើតាមការថ្លែងរបស់ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា «នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះនឹងឈានដល់ការរៀបចំពិធីប្រកាស ដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ»។
នៅក្នុងកិច្ចប្រជុំណែនាំជំរុញដល់មន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពតជាផ្លូវការ កាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក ជាវ តាយ បានបញ្ជាក់បន្តថា ការដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការ ដើម្បីបម្រើសេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានជូនតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត។
លោក ជាវ តាយ បានថ្លែងបន្តថា ដោយផ្អែកលើសភាពជាក់ស្ដែង ដែលរដ្ឋបាលក្រុងបូកគោជាក្រុងមួយទើបបានបង្កើតថ្មី ក្រោមចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាល សំដៅធ្វើឱ្យសេដ្ឋកិច្ចសង្គមនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ដល់អនុសាសន៍ជូនដល់រដ្ឋបាលខេត្តឱ្យមានការយកចិត្តទុកដាក់ពីបញ្ហាប្រឈមក្នុងចំណុចចាប់ផ្ដើម ដើម្បីជំរុញដំណើរការដល់រដ្ឋបាលក្រុងបូកគោ ដែលពុំទាន់មានអគាររដ្ឋបាលនៅឡើយ។ បើតាមការថ្លែងបន្តរបស់ អភិបាលខេត្តកំពត លោក ជាវ តាយ បានបន្ថែមថា ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុងបូកគោ ប្រព្រឹត្តទៅក្នុងជំហានដំបូងនេះបានបម្រើទាំងប្រយោជន៍សេវារដ្ឋបាល សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានល្អ។
មន្ត្រីរដ្ឋបាលក្រុងបូកគោ ដែលទើបបង្កើតថ្មីនេះ ត្រូវតែយកចិត្តទុកដាក់សហការគ្នាប្រើធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព និងជម្នះនូវបញ្ហាប្រឈមខ្វះខាតចំពោះមុខនៃចំណុចចាប់ផ្ដើមរដ្ឋបាលក្រុងដំបូងនេះឱ្យបានល្អ។ បើតាមការណែនាំរបស់ លោក ជាវ តាយ បានបន្តថា ជំហានបន្តបន្ទាប់ទៀតរដ្ឋបាលក្រុង និងកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួនឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីបម្រើប្រយោជន៍សេវារដ្ឋបាល និងសេវាសាធារណៈ ព្រមទាំងកិច្ចអភិវឌ្ឍក្នុងមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ទីតាំងអគាររដ្ឋបាលក្រុងបូកគោជាបណ្ដោះអាសន្ន គឺត្រៀមដាក់ឱ្យដំណើរការដើម្បីបម្រើការងារ នៅសណ្ឋាគារមួយកន្លែង ដែលផ្ដល់ដោយឯកជន ជាប់ផ្លូវជាតិលេខ៣ ទល់មុខផ្លូវឡើងឧទ្យានព្រះមុនីវង្សបូកគោស្ថិតនៅក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ស្រុកទឹកឈូ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)