Register Already an agent ? Login

៦ខែកន្លងមកនេះ តម្រូវការ និងតម្លៃអាផាតមិន បានធ្លាក់ចុះគួឱ្យកត់សម្គាល់

ភ្នំពេញ៖ គិត​ត្រឹម​ដំណាច់​ឆមាសទី១ ឆ្នាំ២០២១ ​អត្រា​ស្នាក់នៅ និង​តម្លៃ​ជួល​របស់​អាផាតមិន​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ជនបរទេស​នោះ បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយសារជំងឺកូវីដ-១៩ បានអូសបន្លាយ មកដល់បច្ចុប្បន្ន។ បើតាមរបាយការណ៍របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ដែលបានស្រាវជ្រាវ។

នៅក្នុងរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា នៅ​រាជធានី​ភ្នំពេញ​មាន ​អគារ​អាផាតមិន​កម្រិត A និង B សរុប​ចំនួន ៥៤ គម្រោង​ ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ៣,២០០យូនីត ក្នុងនោះ ខណ្ឌ​បឹងកេងកង​មាន​ប្រមាណ ៤៨ភាគរយ ខណ្ឌចំការមន ២៧ភាគរយ ខណ្ឌដូនពេញ ១៧ភាគរយ ខណ្ឌ​ជ្រោយចង្វារ ៥ភាគរយ និង​ខណ្ឌ​ទួលគោក ៣ភាគរយ។

អាផាតមិនកម្រិត A មានតម្លៃជួលជាមធ្យមជាង ២១ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់រយៈពេល ១ខែ បានថយចុះ ៥,២ភាគរយ ពីចំនួនជិត ២៣ដុល្លារ កាលពីឆមាសទី២ ឆ្នាំ២០២០ និងកម្រិត B មានតម្លៃ ១៥ដុល្លារ ថយចុះមក ៦,៧ភាគរយ ពីចំនួន ១៦ដុល្លារ។ បើតាមការបន្តនៅក្នុងរបាយការណ៍ដដែល បានបញ្ជាក់ឱ្យដឹងថា ​«ដោយសារតែ​ទីផ្សារ​អាផាតមិន​ពឹង​ផ្អែកលើ​ជនបរទេស ដូច្នេះ ​ការរឹតត្បឹត​ការធ្វើដំណើរ​ឆ្លង​ប្រទេស​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ទីផ្សារ​មួយ​នេះ ដោយ​អត្រា​ស្នាក់នៅ​ជារួម​សម្រាប់​អាផាតមិន​កម្រិត A និង B ក្នុង​ឆមាស​ទី១ មាន​ប្រមាណ ៥០ភាគរយ​ ធ្លាក់ចុះ ​ ​ប្រមាណ ៦០ភាគរយ កាលពីឆ្នាំ២០២០»​។

ទីផ្សារអាផាតមិន នៅរាជធានីភ្នំពេញ ទទួលរងឥទ្ធិពលដោយផ្ទាល់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ ២០២០មក អតិថិជនជួលភាគច្រើនជាជនបរទេស បានធ្វើដំណើរត្រឡប់ទៅប្រទេសពួកគេវិញ និងភាគច្រើនមិនទាន់វិលត្រឡប់មកភ្នំពេញវិញនៅឡើយទេ។ បើតាមការលើកឡើងរបស់ អ្នកនាង គឹម គិនកេសា អ្នក​គ្រប់គ្រង​ជាន់ខ្ពស់ CBRE Cambodia បានបញ្ជាក់  «កត្តានេះបានធ្វើឱ្យអត្រាជួល និងតម្លៃជួលធ្លាក់ចុះ»។

ដោយសារស្ថានភាពការឆ្លងរាលដាលកូវីដ-១៩ អាចនឹងបន្តអូសបន្លាយពេលយូរទៅមុខទៀតនោះ ដូច្នេះសម្ពាធទីផ្សារនឹងកើតមានមួយកម្រិតទៀតពិសេសនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២។ បើតាមការលើកឡើងបន្តរបស់ អ្នកនាង គឹម គិនកេសា បានបន្ថែមថា ​ទីផ្សារ​អាផាតមិន និង​ខុនដូ​មាន​ទំនាក់ទំនងនឹង​គ្នា​ខ្លាំង ​តាម​ការរំពឹងទុក​នៅ​ចុងឆ្នាំនេះ និងដើម​ឆ្នាំក្រោយ នឹងមាន​គម្រោង​សាងសង់​ខុនដូ​មួយចំនួន​ទៀត​បញ្ចប់​ការសាងសង់ ដូច្នេះ ​សម្ពាធ​ទីផ្សារ​អាផាតមិន​នឹង​កើនឡើង​មួយកម្រិត​ទៀត៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)