Register Already an agent ? Login

លោក គួច ចំរើន៖ បុណ្យសមុទ្រនឹងប្រារព្ធឡើងនៅចុងឆ្នាំនេះ បើគ្មានការប្រែប្រួល ឬរំខានដោយជំងឺសកលទេ

ព្រះសីហនុ៖ នៅដំណាច់ឆ្នាំនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ បើតាមការថ្លែងឱ្យដឹងពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីវិថី២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។

នាឱកាសនោះ លោក អភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ។

លោក គួច ចំរើន បានថ្លែងឱ្យដឹងថា ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ។

សេវាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាននិងសេវាដឹកជញ្ជូននានា នៅក្នុងខេត្តព្រះសីហនុ បានបង្ហាញពីការសប្បាយចិត្ត ចំពោះការត្រៀមរៀបចំបុណ្យសមុទ្រនៅក្នុងខេត្តព្រះសីហនុ ដោយរំពឹងថាពួកគាត់នឹងទទួលបានប្រាក់ចំណូលឡើងវិញ បន្ទាប់ពីបាត់បង់អស់ជាយូរមកហើយក្នុងអំឡុងកូវីដ-១៩។ បើការផ្សាយនៅលើគេទំព័រអលនទ្រព្យអាស៊ី។

គេហទំព័រដដែលបានបន្តថា លោកនួន សែម អ្នកបើកបរដឹកអ្នកដំណើរក្នុងខេត្តព្រះសីហនុ បាននិយាយថា កា​លពីមុនកូវីដ-១៩ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងខេត្តព្រះសីហនុ បានចេញធ្វើដំណើរកម្សាន្តនៅក្នុងខេត្ត តាមរមណីយដ្ឋាននានា តែពេលមានជំងឺកូវីដ-១៩ ភ្ញៀវពីក្រៅក៏បាត់ ភ្ញៀវក្នុងខេត្តក៏លែងហ៊ានដើរកម្សាន្ត ធ្វើឱ្យកក្រុមអ្នកដឹកភ្ញៀវបាត់បង់ចំណូលខ្លះរត់ទៅស្រុកវិញ ខ្លះនៅបន្តដឹកមួយៗ ដើម្បីបានចំណូលខ្លះៗមកចិញ្ចឹមប្រពន្ធកូន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)