ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅខែសីហា ឆ្នាំ២០២១ ក្រោយពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដែលមានរយៈពេលជិត ៩ឆ្នាំ។ បើតាមការថ្លែងឱ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
មកដល់ពេលនេះ សំណង់នេះបានលេចចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា កាលពីពេលមុន យើងនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះគឺធ្វើរួចរាល់ទាំងស្រុងហើយ។ បើតាមការថ្លែងបន្តរបស់ លោក វ៉ាត់ ចំរើន តាមប្រព័ន្ធអនឡាញ។
ចំពោះអាងទឹក ជុំវិញវិមានកីឡដ្ឋាន ដែលជាតំណាងកស្សិណអង្គរក៏បានដាក់បង្ហូរទឹកបំពេញអាង និងប្រព័ន្ធភ្លើង អំពូល ភ្លើងបំភ្លឺអាង រួមទាំងប្រព័ន្ធសំឡេង នៅផ្នែកខាងក្នុង ក៏បានបំពាក់រូចរាល់ដូចគ្នាផងដែរ។ បើតាមថ្លែងបន្តទៀតរបស់ លោក វ៉ាត់ ចំរើន បានបញ្ជាក់ «ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះ ត្រូវបានធ្វើរួចរាល់ជាស្ថាពរ។
លោក បានបន្ថែមឱ្យដឹងថា ក្រៅពីនេះ គឺនៅសល់ការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ។ ជារួម គឺក្រុមហ៊ុនសាងសង់បានបើកភ្លើងបំភ្លឺសាកល្បង ដោយត្រូវប្រើប្រាស់ ថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់។ អ្វីដែលនៅសេសសល់បន្តិចបន្តួចនោះ គឺការងារទីធ្លាខាងក្រៅ រួមទាំងការបោសសម្អាត។
អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន លើកឡើងបន្ថែម កិច្ចការត្រួតពិនិត្យវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនេះត្រូវបាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុតឱ្យតាមដានជាប់ជាប្រចាំ។ ក្រោយពីបញ្ចប់ការសាងសង់ គឺយើងត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។
សម្រាប់ការថែទាំនេះ យើងកំពុងស្នើសុំការផ្តល់ធនធានមនុស្ស អ្នកបច្ចេកទេស សន្តិសុខ សណ្តាប់ធ្លាប់ អនាម័យ ដើម្បីបន្តការថែទាំវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតកដ៏ធំមហាសាលរបស់កម្ពុជា សម្រាប់ការទាក់ទាញ និងក្លាយជានិមិត្តរូបថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមលើកបន្ថែមទៀត របស់អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន។
បើតាម អគ្គលេខាធិការ CAMSOC បានថ្លែងឱ្យដឹងបន្ថែមថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគម្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារ ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)