ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រមូលចំណូលចូលជាតិបានចំនួន ២៤,២៨៧,៦៩៣,៦០០រៀល (គិតជាដុល្លារ ៥,៩៧៤,៧៧៣ដុល្លារ) កើនឡើង ១៣៦ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០ ហើយក៏កើនឡើង ១៤,៤០ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២១ គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។ បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
នៅក្នុងរបាយការណ៍ខាងលើបានឱ្យដឹងបន្តថា ចំនួនចំណូលខាងលើរួមមាន៖ ទី១.ចំណូលរបស់រដ្ឋបាលកណ្ដាលចំនួន ១,០២៧,៩២២,៦០០រៀល (គិតជាដុល្លារ ២៥២,៨៦៩ដុល្លារ) ក្នុងនោះមាន -សេវាសំណង់ទូទៅចំនួន ១,០២៧,៤០៥,៥០០រៀល (គិតជាដុល្លារ ២៥២,៧៤១ដុល្លារ) -សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ចំនួន ៥២១,១០០រៀល (គិតជាដុល្លារ ១២៩ដុល្លារ)។
ទី២.ចំណូលរបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន ២៣,២៥៩,៧៧១,០០០រៀល (គិតជាដុល្លារ ៥,៧២១,៩០៤ដុល្លារ) ក្នុងនោះ -សេវាសុរិយោដី ដែលមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ចំនួន ៧,០០៦,១៤១,៥០០រៀល (គិតជាដុល្លារ ១,៧២៣,៥១១ដុល្លារ) -សេវាសំណង់ទូទៅចំនួន ៣,៨០១,៥២៤,០០០រៀល (គិតជាដុល្លារ ៩៣៥,១៧៥ដុល្លារ) -ពន្ធប្រថាប់ត្រា (អគ្គនាយកពន្ធដារ) ចំនួន ១២,៥៤២,១០៥,៥០០រៀល (គិតជាដុល្លារ ៣,០៦៣,២១៨ដុល្លារ)។
បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ការផ្ដល់សេវាសាធារណៈតាមច្រកចេញចូលតែមួយរួមមាន៖ -គម្រោងស្នើសុំសរុបចំនួន ២៦,៨៨៧គម្រោង ក្នុងនោះថ្នាក់កណ្ដាលចំនួន ១២៨គម្រោង និងថ្នាក់រាជធានី/ខេត្តចំនួន ១៦,៧៥៩គម្រោង -គម្រោងដែលបានអនុញ្ញាតរួចមានចំនួន ១៥,១៧៣គម្រោង ក្នុងនោះថ្នាក់កណ្ដាលចំនួន ១០២គម្រោង និងថ្នាក់រាជធានី/ខេត្តចំនួន ២៥,០៦១គម្រោង។
នៅក្នុងរបាយការណ៍នេះបានបញ្ជាក់ ចំណូលបានពីការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ មានចំនួន ៧,៨៣៦,៣៩២,២៣១ (គិតជាដុល្លារ ១,៩២៧,៧៥៣ដុល្លារ) ក្នុងនោះ ថ្នាក់កណ្ដាលចំនួន ២៥២,៧៤១ដុល្លារ និងថ្នាក់រាជធានី/ខេត្តចំនួន ១,៦៧៥,០១២ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)