ភ្នំពេញ៖ រដ្ឋាភិបាលចិនបាន សម្រេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន ២,៥០០,០០០ដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ បើតាមទំព័រហ្វេសប៊ុក របស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
លោក ហេង រតនា បានបន្តឱ្យដឹងថា ជំនួយនេះ មានរយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ដោយរំដោះផ្ទៃដីចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ១៧០០ហិកតា ហើយនិងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន ៧ខេត្ត។
នៅក្នុងទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា បានបន្តឱ្យដឹងទៀតថា ជំនួយដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត ៣០០នាក់។
បើតាមទំព័រហ្វេសប៊ុក របស់អគ្គនាយក CMAC បានរម្លឹកថា លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២១ គម្រោងជំនួយរបស់ចិនបានលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច ឆ្នាំ២០២២ដែរនោះ និងបានរំដោះដីចម្ការមីន គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត ១០៨៣ហិចតា រុករកឃើញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ៥០០០គ្រាប់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)