កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង នឹងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត បន្ទាប់ពីគម្រោងធ្វើឱ្យប្រសើរឡើងនៃកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ។ បើតាមការថ្លែងរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា «ក្រោយពីផ្លូវនេះត្រូវបានសាងសង់រួចរាល់នឹងធ្វើឱ្យខេត្តកំពង់ឆ្នាំងក្លាយជាខេត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍»។
ការថ្លែងខាងលើរបស់ អភិបាលខេត្តកំពង់ឆ្នាំង ខណៈដែលលោកបានដឹកនាំក្រុមមន្ត្រី និងក្រុមការងារគម្រោងសាងសង់ផ្លូវជាតិលេខ៥ ចុះពិនិត្យដំណើរការសាងសង់រូបសំណាកឆ្នាំងនៅរង្វង់មូលត្រង់ចំណុចផ្លូវបំបែក វាងក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ និងបានចូលរួមដាំកូនឈើតាមបណ្តោយផ្លូវភ្លោះវាងក្រុង ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២១។
លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបន្តថា ខេត្តនឹងមានគម្រោងបន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគិនជាតិ និងអន្តរជាតិ និងបានសូមសំណូមពរឱ្យប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា។
លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងស្ថាបនាផ្លូវជាតិលេខ៥ បានថ្លែងឱ្យដឹងថា ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ជាផ្លូវក្រាលបេតុងកៅស៊ូAC ចែកជា ២គន្លងទៅ២គន្លងមក គ្រោងសាងសង់រយៈពេល ៤៨ខែ ជាគម្រោងហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ឈឹម ផល្លា បានថ្លែងបន្តថា សម្រាប់ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មានប្រវែង ៩៣,៥៤គីឡូម៉ែត្រ មានផ្លូវវាងចំនួន ៣កន្លែង គឺទីតាំងទី១ ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ កំពុងសាងសង់រូបសំណាកព្រះគោព្រះកែវ។
ទីតាំងទី២ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ត្រង់ចំណុចផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង កំពុងសាងសង់រូបសំណាកឆ្នាំង មានកម្ពស់ ១២,៦០ម៉ែត្រ(ពីជើងទម្រ) និងទីតាំងទី៣ ក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ត្រង់ចំណុចចុងផ្លូវវាងក្រុងកំពង់ឆ្នាំង បានសាងសង់រូបនារីស្មូនឆ្នាំង។
ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ព្រមទាំងអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ បើតាមការថ្លែងបន្ថែមរបស់ លោក លោក ឈឹម ផល្លា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)