ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១ ចាប់ពីខែមករា ដល់ខែមិថុនា ប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា មានទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ស្មើនឹង ៦៩ភាគរយ នៃការវិនិយោគសរុបរបស់កម្ពុជា។ បើតាមការថ្លែងរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផ្ដល់បទសម្ភាសឱ្យទូរទស្សន៍ BTV កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
គម្រោងសំខាន់ៗដែលវិនិយោគដោយក្រុមហ៊ុនចិននៅកម្ពុជា មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម។ បើតាមការបញ្ជាក់ របស់ លោក Wang Wentian បានរម្លឹកថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២០ មានចំនួនរហូតដល់ ៩,៥៦ពាន់លានដុល្លារ កើនឡើង ១,៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
«កម្ពុជា-ចិន គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣»។ បើតាមការបញ្ជាក់ របស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងភាគីទាំង២ ត្រូវបានលើកកម្ពស់កាន់តែស៊ីជម្រៅ និងដើរតួនាទីយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយយកឈ្នះជាមួយផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះភាគីចិននឹងរីករាយក្នុងការបន្តពង្រឹងសហប្រតិបត្តិការជាក់ស្តែងជាមួយនឹងកម្ពុជាលើគ្រប់វិស័យ ដើម្បីជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ។
បើតាម ភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក ហុង វណ្ណៈ ជាអ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាដូច្នេះថា ការវិនិយោគរបស់ចិនមកប្រទេសកម្ពុជា គឺមានន័យថា ចិនបានលើកគម្រោងវិនិយោគមកកម្ពុជា ប៉ុន្តែ គម្រោងមួយចំនួនមិនទាន់បានបង្ហូរហិរញ្ញវត្ថុ និងសកម្មភាពនៅឡើយទេ ខណៈមានគម្រោងខ្លះទៀត គឺជាគម្រោងបើកមុខ ដែលត្រូវស្វែងរកអ្នកវិនិយោគ ដើម្បីចូលមកវិនិយោគនៅកម្ពុជា។
ទោះបីយ៉ាងណាក៏ការវិនិយោគនេះនៅមានកម្រិតនៅឡើយ ព្រោះប្រាក់វិនិយោគមានតែនៅលើក្រដាស តែការអនុវត្តជាក់ស្តែងមិនបានច្រើនដូចអ្វីដែលមានពិតប្រាកដនេះទេ ដូច្នេះទើបមិនមានវិបត្តិអ្វីកើតឡើង ដោយសារតែការវិនិយោគរបស់ចិនច្រើនលើសលប់នេះទេ។ បើតាមការថ្លែងបន្តរបស់ លោក ហុង វណ្ណៈ បានបន្ថែមថា ការវិនិយោគរបស់ចិនចូលមកនេះ គឺដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំង២ ព្រមជាមួយការតភ្ជាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។
បើតាម ភ្នំពេញប៉ុស្តិ៍ដដែល បានស្រង់សំដី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ដូច្នេះថា នៅពេលប្រទេសទាំង២ ផ្តល់សច្ចាប័ន កម្ពុជារំពឹងនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការទទួលបានទីផ្សារកាន់តែធំទូលាយ ដោយសារមានកម្មវិធីបញ្ចុះពន្ធ គឺភាគីកម្ពុជាទទួលបានភាពអនុគ្រោះច្រើនជាងអ្វីដែលកម្ពុជាផ្ដល់ឱ្យភាគីចិន, លំហូរទំនិញពីកម្ពុជានឹងមានភាពងាយស្រួលជាងមុន និងឱកាសទាក់ទាញវិនិយោគពីក្រៅប្រទេសចូលមកវិនិយោគនៅកម្ពុជា។
លោក ស៊ាង ថៃ បានបញ្ជាក់ «ទំនិញកម្ពុជាជាង ៣០០មុខ អាចនឹងនាំទៅចិនដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលរំពឹងចូលធរមាននៅដើមឆ្នាំ២០២២ ខាងមុខ ក្នុងចំណោមមុខទំនិញជាង ៣០០ នេះ គឺផលិតផលកសិកម្ម ៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញ។
បើតាមគេហទំព័រអចលនទ្រព្យអាស៊ី ដែលបានស្រស់សំដី លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដូច្នេះថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ី និងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិន ចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។
លោកបានបានបន្តថា នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)