ភ្នំពេញ៖ រាជធានីភ្នំពេញមានមុខងារជារាជធានី ដែលជាទីប្រមូលផ្ដុំនូវសកម្មភាពនយោបាយ និងសេដ្ឋកិច្ច មានផលិតផលក្នុងស្រុកសរុបរហូតដល់ទៅប្រមាណ ១,៣ប៊ីលានដុល្លារ គឺស្មើនឹង ៣១ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ (ឆ្នាំ២០០៣)។ បើតាមអនុក្រឹត្យលេខ១៨១ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ បានបន្តថា ការវិនិយោគទុនដើម្បីលើកកម្ពស់ទីក្រុង គឺជាភាពចាំបាច់និងផ្ដល់ផលប្រយោជន៍ដល់ទីក្រុង។
ផលទុនសរុបប្រចាំឆ្នាំកើនលើសពី ១០០០ដុល្លារ ទៅហើយសម្រាប់មនុស្សម្នាក់ គឺស្មើជិត ៤ដង ច្រើនជាងផលិតផលក្នុងស្រុកសរុបមធ្យមនៃប្រជាជនម្នាក់នៅតាមខេត្តនានា។ បើតាមការបន្តនៅក្នុងអនុក្រឹត្យខាងលើ បានបញ្ជាក់ «ដូច្នេះ រាជធានីភ្នំពេញមានភាពធូរធារជាងតំបន់ដទៃទៀតនៃប្រទេសកម្ពុជា។ ប៉ុន្តែរាជធានីភ្នំពេញក៏នៅតែមានភាពទន់ខ្សោយនៅឡើយ បើប្រៀបធៀបនឹងផលិតផលក្នុងស្រុក សរុបសម្រាប់ប្រជាជនម្នាក់នៅទីក្រុងបាងកក ដែលមានចំនួនច្រើនជាងនេះ ១០ដង»។
បើតាមអនុក្រឹត្យនេះ បានបន្តទៀតថា ជាមួយគ្នានេះ ទោះបីភ្នំពេញគឺជាកន្លែងប្រមូលផ្ដុំនូវភាពសម្បូរបែបធូរធារក៏ដោយ ក៏នៅតែពឹងផ្អែកយ៉ាងខ្លាំងលើកត្តាខាងក្រៅ ដោយត្រូវដោះស្រាយនូវបញ្ហាធំៗមួយចំនួន ពិសេសការវិនិយោគទុនជាចាំបាច់ជាច្រើន ដើម្បីផលប្រយោជន៍រួមផង និងដើម្បីជំរុញនូវភាពទាក់ទាញរបស់ទីក្រុងផង។
នៅក្នុងអនុក្រឹត្យដដែល បានបញ្ជាក់ ដោយសង្កត់ធ្ងន់ទៀតថា «ដូច្នេះ មិនត្រូវបង្អង់ការអភិវឌ្ឍរាជធានីភ្នំពេញ ដោយបង្វែរការអភិវឌ្ឍជាអទិភាពទៅតំបន់ដទៃទៀតរបស់ប្រទេសទេ ពីព្រោះរាជធានីភ្នំពេញគឺជា កញ្ចក់ឆ្លុះបញ្ចាំង ហើយក៏ជាចលករសេដ្ឋកិច្ចមួយរបស់ប្រទេសផងដែរ ដើម្បីប្រកួតប្រជែងប្រទេសក្នុងតំបន់ដែលមានការអភិវឌ្ឍលើកម្ពុជា។
ដូចនេះ រាជធានីភ្នំពេញត្រូវតែជាអតិភាពក្នុងអភិវឌ្ឍដោយពង្រីកក្រុង ក្នុងកាំវង្វង់ ១០០គីឡូម៉ែត្រជុំវិញ ដែលមានប្រជាជន ៦លាននាក់។ ជាមួយគ្នាក៏ត្រូវកាត់ភាគខាងជើងស្ទើរតែទាំងអស់នៃខេត្តកណ្ដាលពង្រីកព្រំដែនរាជធានីភ្នំពេញ ក្នុងរង្វង់ទំហំ ៣០គីឡូម៉ែត្រ គិតពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ។ បើតាមការបន្តទៀតនៅក្នុងអនុក្រឹត្យ។
ការបញ្ចូលគ្នារវាងសាលារាជធានីភ្នំពេញ ជាមួយនឹងផ្នែកខាងជើងនៃខេត្តកណ្ដាល (២០០០គីឡូម៉ែត្រក្រឡា) ឬជាមួយខេត្តកណ្ដាល (៤០០០គីឡូម៉ែត្រក្រឡា) ដើម្បីបង្កើតជារាជធានីភ្នំពេញជាមួយនឹងលក្ខន្តិកៈ ពិសេសរាជធានីភ្នំពេញ។ បើតាមអនុក្រឹត្យដដែល ដែលបានលើកពីទឡ្ហីករណ៍ អំពីបណ្ដាលទ្ធភាពនានាជាច្រើនដែលអាចវិភាគពិចារណា បានបន្ថែមថា រាជធានីភ្នំពេញនឹងមានស្វយ័តភាពហិរញ្ញវត្ថុយ៉ាងធំ ដោយរួមទាំងការវិនិយោគទុន និងលទ្ធភាពនៃការខ្ចីស្វយ័តភាពប្រាក់ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)