កោះកុង៖ ក្រសួងការពារជាតិ បានទទួលដីបម្រុងពី រដ្ឋបាលខេត្តកោះកុងទំហំប្រមាណ ១ ១០២ហិកតា សម្រាប់រៀបចំជាតំបន់អភិវឌ្ឍន៍ មានទីតាំងស្ថិត នៅឃុំជ្រោយប្រស់នៃស្រុកកោះកុង។ បើតាមការថ្លែងឱ្យដឹងពី លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង បានបន្តថា រដ្ឋបាលខេត្ដផ្ដល់ដីជាង ១ពាន់ហិកតានេះ គឺតាមរយៈការស្នើសុំរបស់ក្រសួងការពារជាតិ កាលពី២ខែកន្លងទៅ។
ដីទំហំជាង ១ពាន់ហិកតា ក្រសួងការពារជាតិ គ្រោងរៀបចំជាតំបន់អភិវឌ្ឍន៍ដែលនឹងមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពី តំបន់តារាសាគររហូតដល់ទីរួមខេត្ដកោះកុង ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានឈ្មោះថា តំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិស្សមកាលក្រសួងការពារជាតិ។ បើតាមការថ្លែងបន្តរបស់ លោក សុខ សុទ្ធី។
បើតាមការថ្លែង របស់សម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្មីៗនេះថា តាមរយៈគម្រោងការអភិវឌ្ឍនេះនឹងធ្វើឡើងនៅតំបន់ឃុំជ្រោយប្រស់ និងតំបន់មួយចំនួនទៀតនៃស្រុកកោះកុង ដោយរៀបចំឱ្យមានការអភិវឌ្ឍឱ្យមានភាពជឿនលឿន និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគរ រហូតដល់ទីរួមខេត្ដកោះកុង។
បើតាមការថ្លែងបន្តរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ពេលវេលាក្នុងការចាប់ផ្ដើមអភិវឌ្ឍន៍តំបន់នេះមិនទាន់កំណត់បានទេ បច្ចុប្បន្នក្រុមការងារកំពុងលើកឡើងនូវគោលការណ៍ និងពិភាក្សាគ្នាលម្អិតលើគម្រោងអភិវឌ្ឍន៍តំបន់នេះ។
ទោះជាយ៉ាងណាព័ត៌មានលម្អិត នៃគម្រោងមានតម្លៃប៉ុន្មាន ហើយនឹងចាប់ផ្ដើមសាងសង់គម្រោងយ៉ាងដូចម្តេច និងនៅពេលណាមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)