ភ្នំពេញ៖ ក្រុមវិស្វករចិនកំពុងចុះសិក្សា គម្រោងស្ថាបនាផ្លូវតភ្ជាប់រវាងខេត្តកំពង់ធំ និងខេត្តក្រចេះ ប្រវែង ១០០គីឡូម៉ែត្រ ធ្វើចាប់ពីស្ពានទន្លេមេគង្គថ្មីខេត្តក្រចេះ ទៅដល់កំពង់ថ្មក្នុងខេត្តកំពង់ធំ។ បើតាមការថ្លែងឱ្យដឹងពី លោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ បានបញ្ជាក់ «គម្រោងស្ថាបនាផ្លូវជាតិថ្មីនេះ រួមទាំងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ»។
តាមការសិក្សាផ្លូវជាតិថ្មីមួយខ្សែនេះ សាងសង់កាត់តាមស្រុកព្រែកប្រសព្វរហូតដល់កំពង់ថ្មខេត្តកំពង់ធំ មានប្រវែងជាង ១៣០គីឡូម៉ែត្រ។ បើតាមការថ្លែងបន្តរបស់ លោក សាំង ប៊ុនថេង ដែលបានផ្ដល់បទសម្ភាស ដល់គេហទំព័រអចលនទ្រព្យអាស៊ីកាលពីថ្មីៗនេះ បានបន្តទៀតថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនេះ ទំនងនឹងធ្វើស្របគ្នាជាមួយនឹងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែងជាង ១៧០០ម៉ែត្រតភ្ជាប់រវាងក្រុងក្រចេះ ទៅកាន់ផ្នែកម្ខាងទៀត នៃខេត្តក្រចេះផងដែរ។
ផ្លូវជាតិថ្មីមួយខ្សែនេះគឺផ្លូវ៦០បេ រួមទាំងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នឹងរួមចំណែកជួយដល់ការអភិវឌ្ឍខេត្តក្រចេះ សម្រួលការដឹកជញ្ជូននិងការធ្វើដំណើររបស់ភ្ញៀវទេសចរ ពីតំបន់ភាគកណ្ដាលមកតំបន់ភាគឦសាន ដែលនឹងរុញកំណើនការអភិវឌ្ឍ និងលើកស្ទួយជីវភាពពលរដ្ឋតាមមូលដ្ឋាន។ បើតាមកាម=>ការថ្លែងបញ្ជាក់ របស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី៤ កុម្ភៈកន្លងមក បានថ្លែងឱ្យដឹងថា ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ គ្រោងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២១ ក្រោយការសិក្សាបានបញ្ចប់។
ស្ពានឆ្លងកាត់ទន្លេមេគង្គទីមួយរបស់ខេត្តក្រចេះ មានប្រវែង ១៧៦១ម៉ែត្រ សាងសង់ឡើងក្រោមថវិកាកម្ចីសម្បទាន ពីរដ្ឋាភិបាលចិន ប្រើប្រាស់រយៈពេលចន្លោះពី២ ទៅ៣ឆ្នាំ។ ទីកន្លែងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ កំណត់ទីតាំងរួចហើយ នៅតែរង់ចាំថ្ងៃបើកការដ្ឋានតែប៉ុណ្ណោះ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល៕
ប្រភព៖ គេហទំព័រអចលនទ្រព្យអាស៊ី
ដោយ៖ មឿន ឌីណា (Moeun Dyna)