Register Already an agent ? Login

គណៈកម្មការអន្តរក្រសួង កំពុងសិក្សា និងរៀបចំប្លង់មេនៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ខេត្តសៀមរាប

សៀមរាប៖ គណៈកម្មការអន្តរក្រសួង នឹងរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យស្របតាមប្លង់មេដែលមានស្រាប់ ដោយត្រៀមរៀបចំតំបន់នោះឱ្យមានជាតំបន់រដ្ឋបាល​ តំបន់ផ្ទៃទឹក សាលារៀន មណ្ឌលសុខភាព ផ្សារ សាសនា​ តំបន់បៃតង សួនលម្អសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅឋាន​ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ​  ព្រមទាំងការប្រកបរបរចិញ្ចឹមជីវិតផងដែរ។

គោលនយោបាយ និងការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯកនេះ គណ:កម្មការអន្តរក្រសួងបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសិក្សារៀបចំប្លង់មេ ព្រមទាំងវាយតម្លៃនូវអចលនវត្ថុ ដើម្បីដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ និងគម្រោងកែលម្អស្ទឹងសៀមរាប ក្នុងទីក្រុងសៀមរាប កាលពីដើមខែកក្កដា នេះ។

នៅក្នុងកិច្ចប្រជុំខាងលើ ក្រោមអធិបតីភាព លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការអន្តរក្រសួង និងមានការរួមពី អនុប្រធានគណ:កម្មការអន្តរក្រសួង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប តំណាងអភិបាល លោក លោកស្រី សមាជិក សមាជិកា នៃគណ:កម្មការអន្តរក្រសួង តំណាងអាជ្ញាធរក្រុងសៀមរាប និងមន្ទីរ-អង្គភាពពាក់ព័ន្ធនានា។

បើតាមកិច្ចប្រជុំនេះបានឱ្យដឹងថា ក្រុមការងារបានពិនិត្យលើសិ្ថតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ និងកែលម្អស្ទឹងសៀមរាបនេះ មាន ៣ទីតាំង សរុបស្មើនឹង ៥៦៤គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសៀមរាប មានចំនួន ៤៣០គ្រួសារ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយ ក្នុងក្រុងសៀមរាបមានចំនួន ១១៥គ្រួសារ និងប្រជាពលរដ្ឋរស់នៅលើផ្លូវអតីតប្រព័ន្ធការពារក្រុងមានចំនួន ១៩គ្រួសារ។

ប្រជាពលរដ្ឋខាងលើក៏បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដោយទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកតាមការរៀបចំរបស់អាជ្ញាធរពាក់ព័ន្ធផងដែរ។ បើតាមការឱ្យដឹងបន្តពីកិច្ចប្រជុំខាងលើ។

បើតាមកិច្ចប្រជុំឱ្យដឹងបន្ថែមថា ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមការងារក៏បានចុះសិក្សា​ និងរៀបចំប្លង់មេនៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក​ ដោយមានការចូលរួមពីក្រុមការងារក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ រដ្ឋបាលខេត្ត​ និងអាជ្ញាធរជាតិអប្សរា។ ​

ទន្ទឹមនឹងការដោះស្រាយគោលនយោបាយនិងរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ចំពោះក្រុមការងារអន្តរក្រសួង ក៏ដូចជារាជរដ្ឋាភិបាលដែលតែងតែគិតគូអំពីសុខទុក្ខដល់ប្រជាពលរដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)