Register Already an agent ? Login

រយៈពេល៥ខែ ឆ្នាំ២០២១ រាជរដ្ឋាភិបាលអនុម័តគម្រោងសំណង់នានាចំនួនជិត ២០០០គម្រោង ធ្លាក់ចុះ ២៧៨គម្រោង

ភ្នំពេញ៖យៈពេល៥ខែ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានអនុម័តគម្រោងសំណង់នានាចំនួន ១,៨២៣គម្រោង ធ្លាក់ចុះ ២៧៨គម្រោង ធៀបនឹងឆ្នាំ២០២០។ គម្រោងសំណង់ជិត ២០០០គម្រោងនេះ មានគម្រោងសំណង់លំនៅឋានចំនួន១,៦០៧គម្រោង ស្មើនឹងប្រមាណ ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន ១៣៩គម្រោង។ តាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រយៈពេល៥ខែ ឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅតែមិនទាន់ល្អប្រសើរឡើងទេ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួនតែ ៤៥គម្រោង (គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស) បានធ្លាក់ចុះរហូតដល់ទៅ ៤៧គម្រោង ដែលមានទុនវិនិយោគសរុប ៨២៥លានដុល្លារ ធ្លាក់ចុះ ៥៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ បើតាមរបាយការណ៍ខាងលើ។

បើតាមការលើកឡើងរបស់ អ្នកជំនាញនៃវិស័យអចលវត្ថុកម្ពុជា បានរំពឹងថាបើស្ថានភាពកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ នៅដំណាច់ឆ្នាំនេះ វិនិយោគិនបរទេសនឹងចូលមកស្វែងរកការវិនិយោគឡើយវិញ នៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ  ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ។ ប៉ុន្តែប្រសិនស្ថានភាពកូវីដ-១៩ នៅកម្ពុជាប្រសើរមែន តែក្នុងតំបន់និងពិភ​ពលោកនៅតែបន្តធ្ងន់ធ្ងរ វិនិយោគិននិងទេសចរអន្តរជាតិ នៅតែមិនអាចចេញធ្វើដំណើរបាន ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជាដដែល។ បើតាម គេហទំព័រអចលនទ្រព្យអាស៊ី៕

ដោយ៖​ មឿន ឌីណា (Moeun Dyna)