ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ទុនវិនិយោគសរុបចំនួន ២,៩៦៩,៦២៩,៣៣៨ដុល្លារ ដែលកើនប្រមាណ ១០ភាគរយ ឬ ៣១៥លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២១។ បើតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា «បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២ភាគរយ តែទុនវិនិយោគមានការកើនឡើងរហូត ៣១៥លានដុល្លារ ឬស្មើនឹង ១០ភាគរយ ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន»។
គម្រោងវិនិយោគធំៗនេះ មានដូចជាគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ក្នុងទុនវិនិយោគចំនួនប្រមាណ ១,៣ប៊ីលានដុល្លារ គម្រោងរោងចក្រផលិតក្រដាស របស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited ក្នុងទុនវិនិយោគចំនួនប្រមាណ ៥០៤លានដុល្លារ និងគម្រោងរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន Cart Tire Co., Ltd. ក្នុងទុនវិនិយោគចំនួន ៣៥០លានដុល្លារ។
ក្នុងចំណោមគម្រោងវិនិយោគ៨៧ មានគម្រោងវិនិយោគថ្មីក្រៅតំបន់សេដ្ឋកិច្ចពិសេស ៥៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៩៤១,៥៩៣,១៨០ដុល្លារ គម្រោងពង្រីកផលិតកម្មចំនួន ១១គម្រោង ក្នុងទុនវិនិយោគសរុបចំនួន១៥៩,៥៧៣,៥៤២ដុល្លារ និងគម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ មានចំនួន ២៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ១,៨៦៨,៤៦២,៦១៦ដុល្លារ។ បើតាមការឱ្យដឹងបន្តនៅក្នុងរបាយការណ៍ខាងលើ បញ្ជាក់ គម្រោងទាំងនេះ នឹងជួយបង្កើតការងារបានចំនួន ៥០០២៩កន្លែង។
បើតាមរបាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ ៦៩ភាគរយ នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១ភាគរយ នៃការវិនិយោគសរុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)