ភ្នំពេញ៖ កម្ពុជា បាននាំទំនិញចេញទៅទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ ៥៩៨២លានដុល្លារ ស្មើជាង ២០ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប បានកើនឡើង ១,៦ភាគរយ ដោយសារកំណើននៃការនាំចេញកង់ និងទំនិញផ្សេងៗ។ ជាមួយគ្នានេះ ការនាំទំនិញចូលកម្ពុជា វិញមានទំហំទឹកប្រាក់ចំនួនជាង ៨៦០០លានដុល្លារ កើនឡើង ១៧ភាគរយ។ បើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម។
នៅក្នុងរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងបន្តថា កំណើននៃការនាំចេញ ក្នុងរយៈពេល ៥ខែនេះ ការនាំចេញកង់របស់កម្ពុជា បានកើនឡើងជាង ៣១ភាគរយ ហើយរយៈពេលដូចគ្នាឆ្នាំ២០២០ មានកំណើនជាង ២៧ភាគរយប៉ុណ្ណោះ។ ចំណែកការនាំចេញទំនិញផ្សេងៗ នៅក្នុងរយៈពេលនេះដែរ ក៏បានកើនឡើងជាង ៧ភាគរយ។
គោលដៅទីផ្សារនាំចេញសំខាន់ៗ រួមមាន៖ ទីផ្សារអាមេរិក មានចំនួនជិត ៤០ភាគរយ សហគមន៍អឺរ៉ុបជាង ១៨ភាគរយ ចិនជាង ៩ភាគរយ អាស៊ានជាង ៨ភាគរយ ជប៉ុន៧ភាគរយ អង់គ្លេស ៤ភាគរយ និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗ មានចំនួនជាង ១៣ភាគរយ ផងដែរ។ បើតាមរបាយការណ៍ដដែល។
សេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគិតត្រឹម ខែឧសភា ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេសបាននិងកំពុងបន្តធ្លាក់ចុះ។ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមរបាយការណ៍ដដែល បានបន្ថែមថា ទោះបីជាយ៉ាងនេះក្តី ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរដូចជា កង់ គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀត បានបន្តរក្សាកំណើនល្អ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)