Register Already an agent ? Login

អាជ្ញាធរខេត្តកោះកុង ត្រៀមដី ៥ហិកតា នៅឃុំត្រពាំងរូង ស្រុកកោះកុង សម្រាប់បញ្ចុះសពសាសនិកឥស្លាមស្លាប់ដោយជំងឺកូវីដ-១៩

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានយល់ព្រមតាមសំណើរបស់ គណៈអ៊ីម៉ាំខេត្តកោះកុង កាត់ដីទំហំ ៥ហិកតា នៅចំណុចដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ស្ថិតក្នុងភូមិកោះកុង ឃុំត្រពាំងរូង ស្រុកកោះកុង សម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។ បើតាមកិច្ចប្រជុំស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំខាងលើ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង លោកបាន​ណែនាំ​ដល់​ក្រុមការងារ​ចុះ​ពិនិត្យ​ និង​ចុច​និយាម​កា​លើ​ទីតាំង​ដី​ជាក់ស្តែង និង​ត្រូវ​បោះបង្គោល​ព្រំដី​ឱ្យបាន​ត្រឹមត្រូវ ហើយនិង​លើក​បដា​ថា​ជា​ដី​ទី​ថ្ម​សានសម្រាប់​សាសនិក​ឥស្លាម​ទំហំ ​៥​ហិកតា​។

លោក សុខ សុទ្ធី បានស្នើឱ្យ លោក វណ្ណ សាលី តំណាងគណ:អ៊ីម៉ាំខេត្តកោះកុងថា ក្រោយបានទទួលដីនេះហើយសូមជួយថែរក្សាឱ្យបានគង់វង្សសម្រាប់សានិកឥស្លាមជំនាន់ក្រោយៗទៀត។ លោក ថា ក្រៅពីត្រៀមដីទំហំ ៥ហិកតា រដ្ឋបាលខេត្តកោះកុង ក៏កំពុងរៀបចំឈូសឆាយដីសាងសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរ។

ឈាបនដ្ឋាននេះ មានទីតាំងត្រង់ចំណុចគីឡូម៉ែត្រ១៣៧ ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះឈូសឆាយដីធ្វើផ្លូវចេញចូលដែលមានទទឹង ១០ម៉ែត្រគុណបណ្តោយ១០០ម៉ែត្រ និងឈូសឆាយដី និងចាក់អាចម៍ដីបំពេញបរិវេណដីសម្រាប់សាងសង់ឈាបនដ្ឋានមានទំហំ ៥០ម៉ែត្រគុណ៥០ម៉ែត្រ សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ បើតាមការបន្ថែមរបស់ អនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង លោក សុខ សុទ្ធី។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ ក៏មានការចូលរួមពី លោក ឃឹម ចន័្ទឌី ប្រធានក្រុមការងាររៀបចំឈាបនដ្ឋានចាត់ចែងបូជាសពស្លាប់ដោយជំងឺកូវីដ-១៩ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)