Register Already an agent ? Login

វឌ្ឍនភាព ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ នៅខេត្តកែបសម្រេចបាន ៧៥% ទោះបីក្នុងវិបត្តិកូវីដ-១៩

កែប៖ វឌ្ឍនភាព ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ នៃតំបន់រមណីយដ្ឋានឆ្នេរកែប ស្ថិតនៅខេត្តកែបសម្រេចបានប្រមាណ ៧៥ភាគរយ ទោះបីក្នុងវិបត្តិកូវីដ-១៩ កំពុងទន្ទ្រានគ្រប់កន្លែងក្ដី។ បើតាមការថ្លែងឱ្យដឹងពី ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក រស់ សោភ័ណ បានបន្តថា កំពង់ផែនេះ គ្រោងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

កំពង់ផែចំណតទូកទេសចរណ៍កោះទន្សាយនេះ បើគិតចាប់ពីដំណើរការសាងសង់រហូតដល់ពេលនេះ គឺមានរយៈពេលជាង ១ឆ្នាំមកហើយ តាមការស្នើសុំពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមការថ្លែងបន្តទៀតរបស់ លោក រស់ សោភ័ណ។

កំពង់ផែនេះ មានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម៉ែត្រ ទៅ ៤៧០ម៉ែត្រ និងអាចចតនាវាទេសចរណ៍បាន ២ប្រភេទ។ បើតាមការថ្លែងរបស់ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តថា ប្រភេទនាវាទី១ អាចធ្វើដំណើរចេញពីផែចម្ងាយប្រមាណ ៥៦គីឡូម៉ែត្រ ដែលអាចដឹកមនុស្សបានពី៣០ ទៅ១០០នាក់។ ដោយឡែកប្រភេទនាវាទី២ អាចធ្វើដំណើរចេញពីផែប្រមាណ ១៩៣គីឡូម៉ែត្រ ដែលអាចផ្ទុកអ្នកដំណើរពី១០០ ទៅ៣០០នាក់។

បើទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែបន្តរាតត្បាត ដែលធ្វើឱ្យតំបន់ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្សចេញចូលច្រើនដូចឆ្នាំមុនៗយ៉ាងណាក្ដី ប៉ុន្តែបើតាមការកត់សម្គាល់ឃើញថា សហគមន៍ទូក ទេសចរណ៍កោះទន្សាយនៅតែបន្តដំណើរការដូចមុនដដែល ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទៅលម្ហែទស្សនាកម្សាន្ត នៅតាមឆ្នេរកោះទន្សាយ ដែលមានចម្ងាយពីកំពង់ផែចំណតទូក ប្រមាណ ៥គីឡូម៉ែត្រ។

លើសពីនេះទៀត កំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្រៅពីចំណតទូកសម្រាប់នាំដំណើរអ្នកទេសចរ ក៏ជាទីចំណតមួយដ៏សំខាន់សម្រាប់ចតទូកដឹកទំនិញធន់ស្រាល (ប្រភេទទូកតូចៗ) ដែលដឹកជញ្ជូនទំនិញក្នុងសមុទ្រផងដែរ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ២០២១ ឬក្រោយវិបត្តិកូវីដ-១៩ ពីព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ ទេសភាពស្អាត និងជាទិសដៅកម្សាន្តពេញនិយមរបស់ភ្ញៀវក្នុងស្រុក។

លោក សន សៀប ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ខេត្តកំពត និងកែបជាទីតាំងដែលត្រូវវិនិយោគ ដូចជាដីនៅជាយភ្នំ ឬមាត់សមុទ្រ ហើយកន្លែងទាំងអស់ហ្នឹងអាចធ្វើរីសតបែបច្នៃប្រឌិត ឬបែបអេកូទេសចរណ៍។

ទីតាំងនៃខេត្តទាំងពីរ កំពុងមានសក្តានុពល ព្រោះដីនៅទីនោះនៅសល់ច្រើន ករណីដែលយើងទិញទុកវាមិនសូវជាមានសក្តានុពលទេ ក៏ប៉ុន្តែបើយើងទិញយកមកធ្វើរីសតបែបឆ្នៃប្រឌិត អាចទាក់ទាញភ្ញៀវទេសចរច្រើន។ បើតាមការបន្តរបស់ លោក សន សៀប បានបន្តទៀតថា ខេត្តកំពត និងកែប បច្ចុប្បន្នគឺជាទិសដៅកម្សាន្ត ពេញនិយមមួយសម្រាប់អ្នកទេសចរក្នុងស្រុក ហើយក្រោយផ្លូវជាតិលេខ៣ សាងសង់រួចទិសដៅទី២នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ព្រោះផ្លូវថ្មីនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានមួយចំណែកធំ៕

ដោយ៖ មឿន ឌីណា (Mouen Dyna)