ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង រម្លឹក ពីការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្ដីជូនដំណឹង ដែលបានចុះកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ «រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចវប្រកាសបង់ពន្ធនៅឡើយទេ»។
អគ្គនាយកដ្ឋានពន្ធដារ បានបន្តថា ដូច្នេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងជៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលធ្វើឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរម្លឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ រួសរាន់មកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ធ្ងន់ៗថា «ចំពោះករណី ការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធឱ្យទាន់ពេលវេលាកំណត់ខាងលើទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវទទួលរងនូវទោសទណ្ឌ ទៅតាមច្បាប់ជាធរមាន»។
បើតាម អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ការដាក់លិខិតនេះ ចំពោះម្ចាស់អចលនទ្រព្យ ដែលមានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទាំងអស់ ដែលធ្វើទៅតាមអនុលោមប្រកាសលេខ៤៩៣ សហវ. ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសលេខ២២៤ ប្រក. សហវ. ពដ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្ដីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ឆ្នាំ២០២១៕
ដោយ៖ មឿន ឌីណា (Moeun Dyna)