Register Already an agent ? Login

ADB ផ្ដល់ជំនួយឥតសំណង ២៦,៤លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងរបៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ

ភ្នំពេញ៖​ កម្ពុជា បានទទួលបរិញ្ញប្បទានឥតសំណងចំនួន ២៦,៤លានដុល្លារ ពីធនាគារអភិវឌ្ឍអាស៊ី (Asian Development Bank) សម្រាប់គម្រោងការវិនិយោគតាមសហគមន៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើនប្រាក់ចំណូល។ បើតាមទំព័រហ្វេសហ៊ុករបស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ គម្រោងនេះ ផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

គម្រោងនេះ បានផ្តោតជាសំខាន់លើតំបន់របៀងជីវចម្រុះចំនួនពីរ រួមមាន៖ ទី១-តំបន់ទេសភាពភាគខាងកើតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរី មានសហគមន៍ព្រៃឈើចំនួន១០ គឺ១-អូរង្លាវ ២-ក្រង់រពុកដេអេ ៣-ត្រពាំងក្អើម ៤-អូរចុងណាច ៥-អូរក្លើ ៦-ច្បារតាប់កេះកាប់ចុងលូង ៧-ពីងប្រង់ក្លង់ពេសថូ ៨-ស្រែព្រះ ៩-ង្លាវក្រាច់ និង១០-អូរពុងរុង។ 

ទី២-តំបន់ទេសភាពជួរភ្នំក្រវាញតាមព្រំដែនកម្ពុជា-ថៃ នាភាគខាងលិច ក្នុងខេត្តកោះកុង មានសហគមន៍ព្រៃឈើចំនួន ៤ គឺ១-ឬស្សីជ្រុំ ២-តាទៃលើ ៣-ថ្មដូនពៅ និង៤-សាមគ្គីព្រែកជីក។

គម្រោងនេះ បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១១ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែដោយសារនៅសេសសល់ការងារមួយចំនួនមិនទាន់បានបញ្ចប់ ជាពិសេសការងារសាងសង់ហេដ្ឋារចនា សម្ព័ន្ធខ្នាតតូច (ទំនប់ ស្រះទឹក និងអណ្តូងខួង) ទើបគម្រោងត្រូវបានពន្យារពេលរហូតដល់ដំណាច់ ឆ្នាំ២០២០ ហើយត្រូវបានពន្យាជាលើកទីពីរទៀតរហូតដល់ខែធ្នូ ឆ្នាំ២០២១ ដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩។

គិតត្រឹមខែមិថុនា ឆ្នាំ២០២១ គម្រោងនេះ បានចំណាយថវិកាអស់ប្រមាណ ២៣,០៦លានដុល្លារ ត្រូវជា ៨៧ភាគរយ នៃថវិកាសរុបចំនួន ២៦,៤លានដុល្លារ ដោយសម្រេចបានលទ្ធផលប្រមាណ ៩១ភាគរយ នៃលទ្ធផលរំពឹងទុករួមរបស់គម្រោង។ គម្រោងនេះ បានគាំទ្រដល់ប្រជាសហគមន៍ចំនួន ១៣ ៧៨៤ គ្រួសារនៅក្នុងឃុំទាំង២២ ដែលពឹងផ្អែកដោយផ្ទាល់ទៅលើធនធានធម្មជាតិ ជាពិសេសធនធានព្រៃឈើ។ គម្រោងផ្តល់អាទិភាពលើការវិនិយោគតាមសហគមន៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។

គម្រោងនេះមានគោលបំណងសំខាន់ៗចំនួន ៤គឺ៖ ១-ចូលរួមចំណែកគ្រប់គ្រងធនធានព្រៃឈើ តាមរយៈការជួយសហគមន៍មូលដ្ឋានបោះបង្គោល ព្រំប្រទល់ព្រៃសហគមន៍ ការរៀបចំផែនការគ្រប់គ្រង និងការទទួលបានសិទ្ធិស្របច្បាប់ក្នុងការ គ្រប់គ្រងសហគមន៍ព្រៃឈើ។ ២-ជំរុញការដាំកូនឈើដើម្បីស្តារព្រៃឈើឡើងវិញក្នុងតំបន់ដីព្រៃឈើរេចរឹល ដោយធ្វើការដាំដុះបញ្ជូលនូវប្រភេទឈើព្រៃក្នុងស្រុក និងការធ្វើកសិរុក្ខកម្ម។

៣-បង្កើនជីវភាពរស់នៅរបស់សហគមន៍ បង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍តាមរយៈ ការគាំទ្រអនុគម្រោង និងសកម្មភាពកែលម្អជីវភាពរស់នៅ ការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ៤-ការបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានតាមរយៈការអនុវត្តសកម្មភាពនានារបស់គម្រោងដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងសហគមន៍។

លទ្ធផលសម្រេចដែលគម្រោងអនុវត្តបានតាមផ្នែករួមមាន៖ សម្របសម្រួលកិច្ចប្រជុំ និងកំណត់ដីព្រៃសហគមន៍ ដើម្បីដាំស្តារព្រៃឈើជាមួយគណៈ កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអាជ្ញាធរភូមិ-ឃុំ ការដាំដុះលើដីព្រៃមានការរេចរិល និងដីព្រៃច្រករបៀង ផ្ទៃដីសរុបចំនួន ៥០ ២៥៧ហិកតា និងដាំកូនឈើបានចំនួន ៩៦ ៦៣៦ដើម។

ថែទាំដំណាំធម្មជាតិលើផ្ទៃដីព្រៃឈើចំនួន ១២៨ហិកតា ចំនួនកូនឈើដាំ ៣៨ ៤២៨ដើម ក្នុងសហគមន៍ចំនួន៨ ក្នុងខេត្តមណ្ឌលគិរី។ បានកំណត់ផ្ទៃដីព្រៃសហគមន៍សរុបចំនួន ៤៩៣ហិកតា សម្រាប់អនុវត្តការថែទាំកូនឈើ ដោយធម្មជាតិក្នុងសហគមន៍ទាំង៤ ក្នុងខេត្តកោះកុង។ បានអនុវត្តការធ្វើរហាលព្រៃសហគមន៍ចំនួន៨ លើផ្ទៃដីព្រៃ ១៦០ហិកតា ក្នុងខេត្តមណ្ឌលគិរី។​ បានធ្វើរហាលព្រៃសហគមន៍ សាកល្បងលើផ្ទៃដីចំនួន ៨០ហិកតា ក្នុងតំបន់សហគមន៍ព្រៃឈើទាំង ៤កន្លែង នៅកោះកុង និង ១៦០ហិកតា ៨សហគមន៍ ក្នុងខេត្តមណ្ឌលគិរី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)