Register Already an agent ? Login

ស្ពានឆ្លងកាត់ទន្លេបាសាក់ ២ខ្សែ ប្រវែងជិត ១គីឡូម៉ែត្រ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបានជិត ១០០%

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន ៩៧,២៥ភាគរយ ហើយ ក្នុងនោះ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ សម្រេចបាន ៩៥,១០ភាគរយ គ្រោងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ សម្រេចបាន ៩៩,៤០ភាគរយ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។

ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥  ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១។

ផ្លូវនេះ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាងលិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែកទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់ ២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) ទទឹង ១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ។

ក្នុងនោះ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២,៨០គីឡូម៉ែត្រ មានទទឹងសរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤,៨០គីឡូម៉ែត្រ មានទទឹងសរុប ២៥ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥,៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ (ផ្លូវមេ៣២,១៩គីឡូម៉ែត្រ និងផ្លូវខ្នែង៥,៣៧គីឡូម៉ែត្រ)។

គម្រោងផ្លូវនេះ មានស្ពានវែងប្រវែង ៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ ទទឹង ២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រគុណ៨ម៉ែត្រ និងស្ពានបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ និងទទឹង ២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រគុណ៥ម៉ែត្រ។

ជាមួយគ្នា មានស្ពានមធ្យម និងខ្លីចំនួន ៦កន្លែង ប្រវែងសរុប ៤៨៨ម៉ែត្រ ក្នុងនោះផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង ១៣០ម៉ែត្រ ស្ពានរំលងប្តូរទិសចំនួនពីរឋិតនៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន ២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០គុណ៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ៣ ប្រវែងតួស្ពាន ២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០គុណ៥,៥ម៉ែត្រ និងមានស្ពានរំលងចំនួនពីរ គឺឋិតនៅផ្លូវជាតិលេខ៤ ប្រវែងតួស្ពាន ៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០គុណ៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន ២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០គុណ៥,៥ម៉ែត្រ។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧,៦៧លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា  សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងតម្លៃត្រួតពិនិត្យគម្រោង ៥,៣៨លានដុល្លារ ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈ ពេលសាងសង់ចំនួន ៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈ រាជធានីភ្នំពេញកំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)