ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់ទីក្រុងរណបកោះនរា របស់ក្រុមហ៊ុន OCIC សម្រេចបាន ៣០ភាគរយ គិតត្រឹមខែមិថុនា បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ដំណើរការសាងសង់ បានធ្វើទៅតាមការគ្រោងទុក។ បើតាមការបញ្ជាក់ របស់ លោក ទូច សំណាង អគ្គនាយករង ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
ការងារចាក់បំពេញដីសម្រេចបាន ៦០ភាគរយ នៃផែនការ ការងារសាងសង់ស្ពានសម្រេច ២០ភាគរយ ហើយការងារសាងសង់ជារួមសម្រេចបាន ៣០ភាគរយ។ បើតាមការថ្លែងបន្ត របស់ លោក ទូច សំណាង បានឱ្យដឹងថា គម្រោងនៅដំណើរការធម្មតា ប៉ុន្តែការបង្កើនចំនួនកម្មករធ្វើការរាងពិបាកបន្តិចដោយសារវាមានលក្ខខណ្ឌចាក់វ៉ាក់សាំង និងចត្តាឡីស័ក។
នៅពេលដែលទីក្រុងរណបកោះនរា កើតឡើងហាងឆេងដីនឹងហក់ឡើងខ្ពស់ ខណៈតម្លៃដីនៅភូមិកោះនរា ថ្លៃ១០០០ ដុល្លារ ក្នុង១ម៉ែត្រការ៉េ នឹងបន្តកើនដល់ ៣០០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ពេលការសាងសង់ស្ពាន រួមទាំងទីក្រុងរណបកោះនរាកើតចេញជារូបរាង។ បើតាមការលើកឡើងរបស់ លោក អ៊ុង រ៉ូន ចៅសង្កាត់រងនិរោធទី១ បានបន្តថា ហាងឆេងដីអាចខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ ព្រោះស្ថិតនៅកណ្តាលកោះដែលមានទឹកទន្លេនៅសង្ខាង។ បច្ចុប្បន្ន អ្នកភូមិកោះនរាមួយចំនួន ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភដោយសារត្រូវប៉ាន់ដី។
លោក អ៊ុង រ៉ូន ដែលជាអាជ្ញាធរមូលដ្ឋាន បានរៀបរាប់ពីប្លង់អភិវឌ្ឍន៍កោះនរា ពុំមែនសាងសង់តែស្ពានប៉ុណ្ណោះទេ តាមផែនការរួមមាន ការសាងសង់គ្រឹះការពារច្រាំងទន្លេ ចាក់ខ្សាច់ការពារកោះលាតសន្ធឹងរហូតដល់មុខវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅទៀតផង។
ចៅសង្កាត់រងនិរោធទី១ រូបនេះ បានថ្លែងបន្ថែមថា តំបន់កោះនរា កំពុងប្រែក្លាយមុខមាត់ជាទីក្រុងរណបថ្មី បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់សិទ្ធិអភិវឌ្ឍន៍ដល់ក្រុមហ៊ុន OCIC។ បច្ចុប្បន្នការដ្ឋានស្ពានបេតុងខ្សែកាបកំពុងស្ថាបនា ដើម្បីភ្ជាប់ចរាចរណ៍ពីម្ខាងទន្លេនៃទីក្រុងកោះពេជ្រមកតំបន់អភិវឌ្ឍកោះនរា។
លោក ពុង ឃាវសែ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC បានថ្លែងថា ការអភិវឌ្ឍន៍ទីក្រុងរណបថ្មីកោះនរា ប្រើប្រាស់ទុនវិនិយោគប្រមាណ ២,៥ពាន់ដុល្លារ លើផ្ទៃដីប្រមាណ ១២៥ហិកតា។ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីនេះ ក្រុមហ៊ុននឹងចំណាយថវិកាជាង ៥០០លានដុល្លារ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ លោក បានបញ្ជាក់ « តាមរយៈការវិនិយោគនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន»។
គម្រោងនេះ អភិវឌ្ឍន៍ជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និង មន្ទីរពហុព្យាបាលជាដើម ដោយ OCIC បានចាប់ផ្តើមសាងសង់ពីតាំងពីខែ តុលា ឆ្នាំ២០១៨ មកម្ល៉េះ។ បើតាមការថ្លែងបន្តរបស់ លោក ពុង ឃាវសែ។
សូមរម្លឹកថា ក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១។
ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ម៉ែត្រ និងទទឹងប្រវែង ២៤,៥ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម៉ែត្រ ផងដែរ។ ស្ពាននេះ ចំណាយថវិកាចំនួន ៣៨លានដុល្លារ រយៈពេលសាងសង់ប្រមាណ ៣៥ខែ។
ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍកោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារ រយៈពេលសាងសង់ប្រមាណ ១២ខែ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)