Register Already an agent ? Login

កម្ពុជា នាំចេញអង្ករនិងស្រូវ ទៅកាន់គោលដៅ ៦២ប្រទេសចំនួនជាង ៤,៤លានតោន ទទួលបានថវិកា ២៥៧លានដុល្លារ ក្នុងរយៈពេល៦ខែ

ភ្នំពេញ៖ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ការនាំចេញអង្ករនិងស្រូវទៅកាន់ទិសដៅ ៦២ប្រទេស ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣តោន គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២តោន ស្មើនឹង ៨៤,៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១តោន។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម ដែល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ទទួលបាន។

១-ការនាំចេញអង្ករ

បរិមាណអង្ករនាំចេញមានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន (-២៩,៤៧ភាគរយ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន។

ការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៧ ៤១៩តោន កើនឡើងចំនួន ៥ ៨៥៦តោន (១៤,០៩ភាគរយ) បើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ៤១ ៥៦៣តោន។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៩១ ៤៩២តោន ស្មើនឹង ៦៨,២៨ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន ៨៣ ៦៨៣តោន ស្មើនឹង ២៩,៨៤ភាគរយ និងអង្ករចំហុយមានចំនួន ៥ ២៧៥តោន ស្មើនឹង ១,៨៨ភាគរយ។

អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ៦៧ ១៣៦តោន (ថយចុះចំនួន ៦៨ ៤៤០តោន ស្មើនឹង -៥០,៤៨ភាគរយ) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៤៣ ២៩៣តោន (ថយចុះចំនួន ៤ ៦៥៦តោន ស្មើនឹង -៣,១៥ភាគរយ) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៧ ១៣៦តោន(ថយចុះចំនួន ២៥ ៨៥១តោន ស្មើនឹង -៤៨,៧៩ភាគរយ) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ៤២ ៨៨៥តោន (ថយចុះចំនួន ១៨ ២៦៣តោន ស្មើនឹង -២៩,៨៧ភាគរយ)។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២០៣ ៨៤៧តោន (៧២,៦៩ភាគរយ) និងក្រុមហ៊ុន ៤៦ដទៃទៀតបាននាំចេញត្រឹមតែ ៧៦ ៦០៣តោន (២៧,៣១ភាគរយ)។

២-ការនាំចេញស្រូវ

ការនាំចេញស្រូវមានចំនួន ១ ៦៩២ ៨១៣តោន ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៣ ១៥២,៥២តោន) ដែលមានការកើនឡើងចំនួន ៧០៩ ៣០៥តោន (៧២,១២ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៩៨៣ ៥០៨តោន។

ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ដុល្លារ ក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ២៣៧ ៥៤១ ១៥០ដុល្លារ និងការនាំចេញស្រូវមានចំនួន ២៧៩ ៣១៤ ១៤៥ដុល្លារ៕

ដោយ៖ មឿន ឌីណា