Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ សម្រេចបានស្ទើរតែ១០០ភាគរយ

បាត់ដំបង៖ វឌ្ឍនភាព គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ប៉ែកខាងជើង បាត់ដំបង-ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ សម្រេចបានស្ទើរតែ ១០០ភាគរយហើយ។ នេះបើតាមការឱ្យដឹង នៅក្នុងបេសកម្មរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យគុណភាពផ្លូវវាង ក្រុងសិរីសោភ័ណ ឋិតនៅក្នុងគម្រោងសាងសង់កំណាត់ផ្លូវជាតិខាងលើ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យ មានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានដាំលម្អដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ១២ ០០០ដើម ចាប់ពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដោយឡែក ផ្លូវវាងក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវប្រមាណ ៦៤០០ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។

ឯកអគ្គរាជទូតប្រចាំកម្ពុជា លោក មិកាមិ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និង JICA បានរួមគ្នាពិនិត្យការដ្ឋានសាងសង់ច្រកព្រំដែនថ្មីស្ទឹងបត់ និងកំណាត់ផ្លូវជាតិលេខ៥ ប៉ែកខាងជើង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ បើតាមទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ស្ថានទូត បានបញ្ជាក់ គម្រោងទាំងនេះជាជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ជប៉ុនក្រោមក្របខណ្ឌកម្ចីប្រាក់យេន និងជំនួយបច្ចេកទេស។ យើងជឿជាក់ថាស្ថានភាពភ័ស្តុភារកម្មរវាងកម្ពុជា និងថៃ នឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីគម្រោងទាំងនេះត្រូវបានបញ្ចប់។

ស្ថានទូតជប៉ុន បានបន្តថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក មិកាមិ បានចុះពិនិត្យការដ្ឋានសាងសង់នៃកំណាត់ផ្លូវជាតិលេខ៥ ប៉ែកខាងត្បូងនិងកណ្តាល ដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់និងបាត់ដំបង រួមជាមួយមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និង JICA ។ គម្រោងនេះគឺជាជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ជប៉ុនក្រោមក្របខណ្ឌកម្ចីប្រាក់យេន។ ទូតសូមថ្លែងអំណរគុណចំពោះការយោគយល់របស់ប្រជាពលរដ្ឋកម្ពុជាចំពោះរាល់បញ្ហានៃការដឹកជញ្ជូនក្នុង​កំឡុង​ពេល​សាងសង់។ យើងជឿជាក់ថា ចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៥ នឹងមានភាពប្រសើរឡើងយ៉ាងខ្លាំងបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់៕

ដោយ៖មឿន ឌីណា