ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការផ្ទាល់ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្តកម្មវិធីមួយជាប្រភេទជំនួយឥតសំណងដែលមានឈ្មោះថា «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន» សម្រាប់រយៈពេល៥ឆ្នាំ ពី២០១៩ ដល់២០២៣ ដែលមានថវិកាហិរញ្ញប្រទានរបស់សហភាពអឺរ៉ុបសរុបចំនួន ៨៧លានអឺរ៉ូ (ប្រមាណ ១០៤លានដុល្លារ)។
កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន មានថវិកាបដិភាគចំនួន ១១លានអឺរ៉ូផ្សេងទៀត ដែលបានមកពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូ អភិវឌ្ឍនានាផងដែរ។
កម្មវិធីនេះ អនុវត្តដោយផ្អែកទៅលើក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តវិស័យជលផលឆ្នាំ២០១៥-២០២៤ ដែលគាំទ្រនិងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤ រួមមាន៖ ទី១.ការនេសាទ និងការគ្រប់គ្រង, ទី២.វារីវប្បកម្មទឹកសាប និងសមុទ្រ, ទី៣.ខ្សែច្រវាក់ផលិតកម្មជលផល និងទី៤.ច្បាប់ និងសេវាកម្ម។
កម្មវិធីនេះ មានគោលបំណង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុនិងបរិយាប័ន្ន ធនធានជលផលទឹកសាបនិងសមុទ្រនៅកម្ពុជា និងបានចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលបាននិងកំពុងប្រឈមក្នុងវិស័យជលផល ជាពិសេសបញ្ហាពាក់ព័ន្ធនឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងសកម្មភាពការនេសាទខុសច្បាប់និងគ្មានរបាយការណ៍ (IUU) នៅកម្ពុជា។
ការបែងថវិកាសរុបរបស់កម្មវិធីមានចំនួន ៩២,៧លានអឺរ៉ូ ដែលក្នុងនោះថវិការបស់សហភាពអឺរ៉ុប ចំនួន ៨៧ លានអឺរ៉ូ នឹងត្រូវបែងចែកគឺ៖ ទី១.ថវិកា ៣៥លានអឺរ៉ូ គាំទ្រវិស័យជលផល (Budget Support) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តន៍គម្រោងកម្មវិធីចំនួន ៥ឆ្នាំ។
ទី២.ថវិកា ៥២លានអឺរ៉ូ គាំទ្របន្ថែម (Complementary Support) ក្នុងនោះមាន៖ ថវិកា ១៧លានអឺរ៉ូ ផ្តល់ឱ្យអង្គការ FAO (Indirect Management with FAO), ថវិកា ១៦លានអឺរ៉ូ ផ្តល់ឱ្យ UNIDO (Indirect Management with UNIDO), ថវិកា ១៦លានអឺរ៉ូ ផ្តល់ឱ្យអង្គការក្រៅរដ្ឋាភិបាល (Grants: call for proposals) Direct Management by EU, ថវិកា ០,៨លានអឺរ៉ូ សម្រាប់ការងារលទ្ធកម្ម (Procurement-total envelope under section 2.2) Direct Management by EU, ថវិកា ២,២លានអឺរ៉ូ សម្រាប់វាយតម្លៃសវនកម្ម និងបម្រុងផ្សេងៗ (Direct Management by EU)។
ប្រវត្តិនៃកម្មវិធី ជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន ផ្នែកនេសាទ (CAPFISH-Capture) ត្រូវបានផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល នៅឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល មន្ត្រីស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមជំនាញការសហភាពអឺរ៉ុប បានពិភាក្សារៀបចំ និងសម្រេចចងក្រងឯកសារនៃកម្មវិធីនេះក្នុងឆ្នាំ២០១៩។
សហភាពអឺរ៉ុបបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលជាប្រភេទជំនួយឥតសំណងនៃឯកសារលេខ ACA/2018/041-466 និង ACA/2019/041-594 នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខានៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩៕
ដោយ៖ មឿន ឌីណា