ភ្នំពេញ៖ យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ។ នេះបើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានមានប្រសាសន៍ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។
ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។ បើតាមការបញ្ជាក់ របស់ លោក ថោង ខុន។
ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឱ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បី ផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល។ បើតាមការថ្លែងបន្តរបស់ លោក ថោង ខុន បានបន្ថែមថា ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។
គួរបញ្ជាក់ថា បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន ២៤៦ នៅជុំវិញពិភពលោក ដែលចែកចេញជា ៧ប្រភេទ ដែលរួមមាន៖
១.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts)
២.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិល្បៈនៃការផ្សព្វផ្សាយ (Media Arts)
៣.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកខ្សែភាពយន្ត (Film)
៤.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែករចនាប័ទ្ម និងការតុបតែង (Design)
៥.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ (Gastronomy)
៦.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកអក្សរសាស្ត្រ (Literature)
៧.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកតន្ត្រី (Music)។
ដោយឡែក នៅតំបន់អាស៊ានមានទីក្រុងចំនួន៦ ក្នុងប្រទេសចំនួន៤ ដែលជាសមាជិកក្នុងបណ្តាញទីក្រុងរបស់អង្គការយូណេស្កូនេះ រួមមាន៖ ប្រទេសថៃ មានទីក្រុងភូកេត និងទីក្រុងឈាងម៉ៃ, ប្រទេសឥណ្ឌូណេស៊ី មានទីក្រុងបានឌុង និងទីក្រុងផេកាឡុងហ្កាន, ប្រទេសសិង្ហបុរី មានទីក្រុងសិង្ហបុរី និងប្រទេសហ្វីលីពីន មានទីក្រុងបាកជីអូ។ ដូច្នេះហើយទើបកម្ពុជាប្រឹងស្រវាស្រទេញ ដើម្បីបានដាក់បេក្ខភាពទីក្រុងបាត់ដំបងនេះទៅក្នុងប្រភេទទី៥៕
ដោយ៖ មឿន ឌីណា