ភ្នំពេញ៖ កម្ពុជា ទទួលបានកញ្ចប់ឥណទានចំនួន ២០០លានដុល្លារ ពីសមាគមន៍អភិវឌ្ឍន៍អន្តរជាតិ ដែលអនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា «គម្រោងនេះ សម្រាប់រៀបចំគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះការងើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា»។
គម្រោងនេះ នឹងជួយកម្ពុជាក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ ការសម្រួលឱ្យសេដ្ឋកិច្ចងើបឡើងវិញ ដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ ទៅនឹងស្ថានភាពអង្រួន ផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ បើតាមការលើកឡើងនៅសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមដែលមិនធ្លាប់មាន ខណៈកំណើនសេដ្ឋកិច្ចប្រទេសនេះកាលពីឆ្នាំ២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះកម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។ បើតាមការបន្តរបស់ World Bank។
World Bank បានបញ្ជាក់ថា វិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត និងជាវិស័យដែលផ្តល់ការងារច្រើនជាងគេនោះរួមមាន កាត់ដេរ ទេសចរណ៍ និងសំណង់។ ខណៈ ដែលវិធានការទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗ នៅមិនទាន់មាន ការរាតត្បាតជំងឺនេះអាចនឹងបណ្តាលឱ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិត ១លាននាក់ ត្រូវគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។
ច្បាស់ណាស់ ប្រទេសកម្ពុជា ពិតជាត្រូវការធនធាន ដែលអាចយកទៅបញ្ចេញឱ្យបានរហ័ស សម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រាជរដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុត ពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឱ្យងើបឡើងវិញ។ បើតាមការថ្លែងរបស់ លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ World Bank ប្រចាំកម្ពុជា។
លោក ស្រី បានថ្លែងបន្តថា គម្រោងនេះ ជាផ្នែកស្នូលមួយ នៃការអន្តរាគមន៍ទូលំទូលាយមួយរបស់ធនាគារពិភពលោក ក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ហើយក៏ជាផ្នែកមួយនៃកញ្ចប់ប្រតិបត្តិការទ្រទ្រង់ថវិកាពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួនរបស់កម្ពុជា មានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សហភាពអឺរ៉ុប (EU), និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
សូមរម្លឹកថា ចាប់តាំងពីផ្ទុះជំងឺសកលនេះ ធនាគារពិភពលោកបានសន្យាផ្តល់ជំនួយជាង ១២៥ប៊ីលានដុល្លារ សម្រាប់ការទប់ទល់ទៅនឹងផលប៉ះទង្គិចរបស់ជំងឺរាតត្បាតនេះមកលើផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គម ហើយនិងវិធានការឆ្លើយតបវិបត្តិនេះមានភាពរហ័សរហួន ដែលមានទំហំធំធេងមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ធនាគារពិភពលោក បានឱ្យដឹងថាសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបន្តិចម្តងៗ ដោយមានការព្យាករណ៍ទុកថា នឹងទទួលបានកំណើនជិត ៤ភាគរយ ក្នុងឆ្នាំ២០២១ ក៏ប៉ុន្តែកំណើននេះ នៅមានភាពមិនប្រាកដប្រជាផងដែរ៕
ដោយ៖ មឿន ឌីណា