ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៤ វិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងខេត្តស្វាយរៀង ខេត្តព្រះសីហនុ ទុនសរុបប្រមាណ ២៧,៣លានដុល្លារ ដែលមានគម្រោងបង្កើតរោងចក្រគ្រឿងបង្គុំអគ្គិសនី ផលិតតុក្កតា និងវត្ថុអនុស្សាវរីយ៍ ផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ផលិតកង់អគ្គិសនី និងគ្រឿងបង្គុំគ្រប់ប្រភេទ ហើយនិងផ្ដល់ការងារចំនួន ១,១១៥កន្លែង។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ ដែលបានស្នើសុំវិនិយោគ ដូចខាងក្រោម៖
ទី១-គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ របស់ក្រុមហ៊ុនHONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD. ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៩៩កន្លែង។
ទី២-គម្រោងបង្កើតរោងចក្រផលិតតុក្កតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ របស់ក្រុមហ៊ុន XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD. ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។
៣-គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម របស់ក្រុមហ៊ុន JIAWAY DECOR CO., LTD. ទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២នាក់។
៤-គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ របស់ក្រុមហ៊ុន LEISGER (CAMBODIA) CO., LTD. ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង មានដើមទុនវិនិយោគប្រមាណ ១៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥១នាក់៕
ដោយ៖ មឿន ឌីណា