ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៨-២០ នៃថ្ងៃចុងសប្ដាហ៍ទី៣ ក្នុងខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិបានចេញដើរកម្សាន្តទូទាំងប្រទេសជាង ១០ម៉ឺននាក់។
នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣នាក់។ បើតាមការថ្លែងឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ «ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ»។
លោក រដ្ឋមន្រ្តីបានថ្លែង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ២០,៧១៦នាក់ ខេត្តកំពត ១៩,៤១៦នាក់ ខេត្តកំពង់ស្ពឺ ១២,៣២០នាក់ ខេត្តបាត់ដំបង ៩,៦៨៨នាក់ ខេត្តព្រះសីហនុ ៨,៧៩៣នាក់ ខេត្តកែប ៨,៣៤០នាក់។
លោក ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចំនួននេះមានការកើនឡើងប្រមាណ ៥៣,៩៣ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨,៧២ភាគរយ។ លោក បានបន្តទៀតថា ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា។
គោលដៅទេសចរណ៍ ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ។ បើតាមការថ្លែងបន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោក ថោង ខុន បានថ្លែងបន្ថែមទៀតថា ទោះបីមានការកើនឡើងនៃជំងឺកូវីដ-១៩ នៅតំបន់មួយចំនួននៅតាមបណ្តារាជធានី-ខេត្ត ក៏នៅតាមគោលដៅទេសចរណ៍ខ្លះនៅតែមានទេសចរទៅលម្ហែកម្សាន្តខ្លះៗផងដែរ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តនៅតែបានបង្កើនការក្រើនរម្លឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ ៣កុំ ៣ការពារ៕
ដោយ៖ Moeun Dyna